ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីភ្នាក់ងារសារព័ត៌មានឥណ្ឌា NDTV បានបញ្ជាក់អោយដឹងថា សហគ្រិន វ័យក្មេងជនជាតិឥណ្ឌា ដែលមានឈ្មោះថា Harpal Singh មានមហិច្ឆតាខ្ពស់ ក្នុងការសាងសង់សំណង់អាគារ ១០ ជាន់ ក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោង ស្របពេលដែលការសន្យាក៏ត្រូវបានលើកឡើងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ សហគ្រិនវ័យក្មេង ឈ្មោះ Harpal Singh បន្ថែមថា ៖ ពួកយើងចង់បញ្ជាក់ពិភពខាងក្រៅអោយបានដឹងថា ពួកយើងនឹងអាចធ្វើវាបាន ហើយសមិទ្ធផលស្នាដៃមួយនេះ នឹងសំកាំងខ្លួនផុសត្រដែតឡើងក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោង (២ថ្ងៃ) ។
គួររំឭកផងដែរថា សំណង់អាគារ ១០ ជាន់ សាងសង់ក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងនោះ ត្រូវបានផុសត្រដែតសំកាំងខ្លួនឡើង នៅក្នុងតំបន់ឧស្សាហកម្ម Mohali ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រពីក្រុង Chandigarh ស្របពេលដែល ដែកជាង ២០០ តោន ត្រូវបានតម្លើង ខណៈពេលដែល មានការចូលរួមសាងសង់យ៉ាងស្វិតស្វាញ ពីកម្មការជំនាញច្រើនជាង ២០០ នាក់។បើទោះជា វាត្រូវបានសាងសង់ឡើង នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងការកើតមានឡើងនូវគ្រោះធម្មជាតិរញ្ជួយដីក៏ដោយ តែអាគារមួយនេះក៏នៅតែមានសមត្តភាពខ្ពស់ក្នុងការប្រឆាំងទៅនឹងគ្រោះធម្មជាតិរញ្ជូយដីដែរ បន្ទាប់ពីត្រូវបានសង់សង់តាមលក្ខណៈបច្ចេកទេស៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ emirates247