អ្នកដែលតែងយល់សប្ដិឃើញសម្លាប់អ្នកដទៃ គឺជាមនុស្សពិបាកនឹងស្និទ្ធស្នាល ហើយលើសពីនេះ ពួកគេថែមទាំងមានចរឹតកោងកាចជាមួយនឹងអ្នកដទៃ។
ការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនវិទ្យាសាស្ដ្រអាល្លឺម៉ង់ បានបង្ហាញថា បណ្ដាមនុស្សដែលតែងតែយល់សប្ដិឃើញ សម្លាប់មនុស្ស ពួកគេភាគច្រើន គឺជាមនុស្សចូលចិត្តនៅម្នាក់ឯងជាជាងមានមិត្តភ័ក្ដិច្រើន។ មនុស្សនេះ គឺពិបាកនឹងស្និទ្ធស្នាល ហើយលើសពីនេះ ពួកគេថែមទាំងមានចរឹតកោងកាចជាមួយនឹងអ្នកដទៃ។

សាស្ដ្រាចារ្យ Michael Shredl រួមនឹងសហការីរបស់ខ្លួន នៅឯមន្ទីរសុខភាពផ្លូវចិត្តរបស់អាល្លឺម៉ង់ បានវិភាគទៅលើចរឹតលក្ខណៈរបស់និស្សិតចំនួន ៤៤៣រូប និងពិនិត្យទៅលើការយល់សប្ដិរបស់និស្សិតទាំងនេះ។ ក្រុមអ្នកវិទ្យាសាស្ដ្រនេះ រកឃើញថា ជាមធ្យម និស្សិតទាំងនេះ អាចចងចាំបានថា ពួកគេយល់សប្ដិ ពី ២ ទៅ ៣ដង ក្នុង ១សប្ដាហ៍ ក្នុងចំណោមនោះ គឺមាន ១៩% យល់សប្ដិឃើញសម្លាប់មនុស្ស។
ក្រុមអ្នកស្រាវជ្រាវខាងលើ យល់ឃើញថា ការយល់សប្ដិ គឺជាការបើកទូលាយ ឬបំប៉ោងជាង ធៀបនឹងក្នុងជីវិតពិត ហើយភាពជាសត្រូវ ការមិនចូលចិត្តរាប់អានមនុស្ស ក៏ដូចជាអារម្មណ៍ដែលត្រូវកៀបសង្កត់ក្នុងជីវិតពិត ក៏តែងតែបង្ហាញឡើងនៅក្នុងសុបិនដែលឃើញថា ខ្លួនបានសម្លាប់មនុស្ស។
យ៉ាងនេះក្ដី សាស្ដ្រាចារ្យ William Domhoff មកពីសកលវិទ្យាល័យ Santa Cruz ក្នុងរដ្ឋ California អាមេរិក យល់ថា បណ្ដាសំនួរដែលក្រុមសិក្សាស្រាវជ្រាវខាងលើ បានសួរទៅកាន់ក្រុមនិស្សិតទាំងនោះ គឺមិនបានឆ្លុះបញ្ចាំងអំពីភាពពិតនៃសុបិន ព្រោះថា ក្រុមនិស្សិតទាំងនោះ បានក្រោកពីគេងរួចហើយ។

ការសិក្សាស្រាវជ្រាវរបស់សាស្ដ្រាចារ្យ William Domhoff បង្ហាញថា ស្ដ្រី ០,៦% យល់សប្ដិឃើញសម្លាប់មនុស្ស
សាស្ដ្រាចារ្យ William Domhoff ក៏បានថ្លែងថា ការយល់សប្ដិឃើញសម្លាប់មនុស្ស ដល់ទៅ ១៩% គឺជាតួលេខមួយខ្ពស់។ ការសិក្សាស្រាវជ្រាវរបស់ សាស្ដ្រាចារ្យ William Domhoff ដែលបានធ្វើទៅលើអ្នកស្ម័គ្រចិត្ត ២០០នាក់ បានបង្ហាញថា អ្នកដែលយល់សប្ដិឃើញសម្លាប់មនុស្ស គឺមានត្រឹមតែ ៣,៨% ចំពោះបុរស និង ០,៦% ចំពោះស្ដ្រីភាព៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Live Science