ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស aljazeera  កាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា មានឧបទ្ទេវហេតុដែនអាកាសមួយបានកើតឡើង នៅឯភាគខាងជើង ក្រុង Shymkent ប្រទេសកាហ្សាក់ស្តង់ ពោលគឺធ្លាក់យន្តហោះយោធា Antonov-72 ដែលភ្លាមៗនោះ បានឆក់យកជីវិតមនុស្ស ២៧ នាក់ភាគច្រើន គឺជាមន្រ្តីយោធា ការពារព្រំប្រទល់ដែន។

width=475

លើសពីនេះទៅទៀត  បើតាមការអោយដឹងពីអាជ្ញាធរ ការការពារសុខសុវត្តិភាពប្រទេសជាតិអាស៊ីកណ្តាលអោយដឹងថា យន្តហោះយោធា ដែលមានឈ្មោះថា Antonov-72 បានធ្លាក់កាលពីថ្ងៃអង្គារម្សិលមិញនេះ វេលាម៉ោង ១២ និង ៥៥ នាទី (ម៉ោងក្នុងស្រុកប្រទេសកាហ្សាក់ស្តង់)ចម្ងាយប្រមាណជាង  ២០ គីឡូម៉ែត្រពី ក្រុង  Shymkent ជិតព្រំប្រទល់ដែនប្រទេស អ៊ុយប៊ែរគ៊ីស្តង់ ដែលភ្លាមនោះ ក៏បានសម្លាប់មនុស្ស ២៧  នាក់ក្នុងនោះ រួមមាន មន្រ្តីយោធា ការពារព្រំប្រទល់ដែនដល់ទៅ ២០ នាក់ និងអ្នកបម្រើការលើយន្តហោះ ៧ នាក់ផ្សេងទៀតផងដែរ។

ដោយឡែក រំពេចនោះ  ក៏មានការអន្តរាគមន៍ ពីសំណាក់ក្រុមជំនាញខាងពន្លត់អគ្គីភ័យ ស្របពេលដែលការតាមដាមស៊ើបអង្កេតនៅតែបន្តមាន  ក្នុងការរកមូលហេតុពិតនៃការជួបឧបទ្ទេវហេតុដែនអាកាសលើកនេះ ។ គួររំឭកផងដែរថា កាលពីម្សិលមិញនេះ ក៏មានឧបទ្ទេវហេតុធា្លក់យន្តហោះរួចម្តងមកហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានឆក់យកជីវិតមនុស្ស ២ នាក់ ស្របពេលដែល ១១ នាក់ផ្សេងៗទៀត បានរងរបួស៕

ដោយ ៖ រិទ្ធីប្រភព ៖ aljazeera