ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទីភ្នាក់ងារបរទេស ស្កាយ បានគូសបញ្ជាក់អោយដឹងថា បុរសជនជាតិបារាំងម្នាក់ បានតស៊ូជាខ្លាំងក្នុងការប្រយុទ្ធជាមួយនឹងក្រពើកំណាច ដើម្បីបន្តជីវិតរស់រានរបស់ខ្លួន ដោយដាល់វាជាច្រើនដងដដែលៗ បន្ទាប់ពីក្រពើកំណាចមួយក្បាលនេះ បានអូសពាំគាត់ចូលទៅក្នុងផ្ទៃទឹកនិងវាយប្រហារគាត់របួសក្បាល និងខ្នង។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Yoann Galeran ស្របពេលដែលករណី ដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើងនៅឯ តំបន់ទីប្រជុំជន township ប្រទេសអូស្រ្តាលី ខណៈពេលដែលរូបគាត់ក៏កំពុងតែហាលទឹក កាលពីល្ងាច ថ្ងៃអាទិត្យដើម្បីរាវរកមកវិញ នូវទូកតូចដែលបានលិចបាត់។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា ក្រពើកំណាចមួយក្បាលនោះពិតជាសាហាវហួសពីការស្មាន ខណៈពេលដែលវាបានខាំលោក Galeran វ័យ ២៩ ឆ្នាំត្រង់ក្បាល និងអូសចូលផ្ទៃទឹក ដើម្បីឆីជាចំណែក រំពេចនោះ លោក Galeran មានអារម្មណ៍រន្ធត់ជាខ្លាំង ខណៈពេលដែលដើមឡើយ គាត់បានគិតថា មាននរណាម្នាក់ បានចោលដុំថ្មទម្ងន់ធ្ងន់មកចំពីលើគាត់ ។ កាលដែលបានដឹងថា មានក្រពើកំណាច ប្រវែងប្រមាណជាង ២,៥ទៅ ៣ ម៉ែត្រ បើកការវាយប្រហារហើយនោះ លោក Galeran ក៏បានប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងការវាយបកទៅវិញ ដើម្បីបន្តការរស់រានមានជីវិតរបស់ខ្លួន ដោយដាល់វាដដែលៗ ជាច្រើនដង មុននឹងរួចផុតពីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ដោយព្យាយាមហែលរត់គេចខ្លួន និងរត់ឡើងគោក។
ជាលទ្ធផល គាត់ពិតជាសំណាងហួស ខណៈពេលដែលនៅមានជីវិត បន្ទាប់ពីមានការវាយប្រហារ ។ មកទល់នឹងពេលនេះ លោក Galeran ក៏កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្បែរនោះ បន្ទាប់ពីទទួលរងរបួសធ្ងន់ផ្នែកក្បាល ខ្នង និងស្មា ជាដើម៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ