ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស channelnewsasia ដែលទើបតែបានចេញផ្សាយកាលពីវេលាប៉ុន្មានម៉ោងមុននេះបានគូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងឯណោះវិញ ជាថ្មីម្តងទៀត ចង់អោយអាមេរិក ទទួលស្គាល់ខ្លួនថា ជារដ្ឋនុយក្លេអ៊ែរ ដោយគូសបញ្ជាក់ថាវាគឺជាការចាំបាច់មុននឹងការចាប់ផ្តើមនៃកិច្ចពិភាក្សាណាមួយជាមួយនឹងសហរដ្ឋអាមេរិក។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា សេចក្តីអត្ថាធិប្បាយនៅក្នុងកាសែត Rod-ong Sinmun បានច្រានចោលថា មិនអាចទទួលយកបានទាំងស្រុង ដែលវាផ្ទុយទៅនឹងតម្រូវការរបស់សហរដ្ឋអាមេរិកថា ប្រទេសកូរ៉េខាងជើងប្តេជ្ញាចិត្តដើម្បីបោះបង់ អាវុធនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលរបស់ខ្លួនជាមុនសិន មុនពេលកិច្ចពិភាក្សាណាមួយអាចចាប់ផ្តើម។
សហរដ្ឋអាមេរិកបានគូសបញ្ជាក់យ៉ាងច្បាស់ថា មិនដែលទទួលស្គាល់ជាផ្លូវការនូវកូរ៉េខាងជើងក្នុងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ លើកទី៣ របស់ខ្លួន កាលពីខែកុម្ភៈ ថាជា ថាមពលនុយក្លេអ៊ែរនោះទេ។

បន្ទាប់ពីមានភាពតានតឺងជាខ្លាំង កាលពីខែកន្លងទៅក្នុងឧបទ្ទីបកូរ៉េ រដ្ឋាភិបាល ទីក្រុងសេអ៊ូល វ៉ាស៊ីនតោន ក៏ដូចជាទីក្រុងព្យុងយ៉ាង ក៏កំពុងតែជំរុញលទ្ធភាពធ្វើយ៉ាងណាងាកក្រឡេកទៅកិច្ចពិភាក្សាដោយសន្តិវិធី ។ តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ភាគីទាំងសងខាង (កូរ៉េខាងជើង អាមេរិក) បានបដិសេធទៅនឹងលក្ខខ័ណ្ឌដែលបានលើកឡើងរាងៗខ្លួន។
អំឡុងពេលដំណើរទស្សកិច្ចទៅកាន់ទីក្រុង សេអ៊ូល ប៉េកាំង និងតូក្យូ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក John Kerry បានបន្ថែមថា ទីក្រុងព្យុងយ៉ាងត្រូវបញ្ជាក់ជាមុនសិន នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ប្រទេសកូរ៉េខាងជើង ក៏បានឆ្លើយតបដោយទាមទារអោយដកខ្លួនចេញពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងចង់អោយបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នាពេលអនាគត៕
ដោយ ៖ រិទ្ធីប្រភព ៖ channelnewsasia