ភ្នំពេញៈ អតីតតារាចម្រៀងស្រី ធ្លាប់មានឈ្មោះ បោះសំឡេងជាច្រើន ឆ្នាំកន្លងទៅ កញ្ញា ពៅ បញ្ញាពេជ្រ ក្រោយពីជួបប្រទះបញ្ហា ត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារនាង ដោយទទួលរងគ្រោះធ្ងន់ធ្ងរ ចំណាយពេលជាច្រើន ឆ្នាំព្យាបាលជំងឺ នៅតែមិនជា រហូតធ្វើឲ្យនាងធ្លាក់ខ្លួន មិនមានថវិកាបន្តព្យាបាលជំងឺ ហើយនៅពេលនេះ នាងក៏បានបន្តទទួចស្នើ សុំជំនួយពីទស្សនិកជន នៅពេលនាងចេញទៅច្រៀង ជាលើកដំបូង នៅក្នុងកម្មវិធី សប្បុរសធម៌ជួយ ដល់កុមារកំព្រា នៅខេត្តកោះកុង ក្នុងពេលឆាប់ៗ ខាងមុខនេះ ។
ជួបជាមួយ Looking TODAY តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៣នេះ ពៅ បញ្ញាពេជ្រ បានប្រាប់ឲ្យដឹងថា នាងមានអារម្មណ៍ សប្បាយរីករាយ រំភើបខ្លាំងណាស់ ដែលនាងមានឱកាសបានវិល មកចាប់អាជីពសិល្បៈសារជាថ្មីម្តងទៀត ទោះជាក្នុងកម្មវិធីនេះ នាងមិនបានទទួលប្រាក់ចំណូល ក៏ដោយតែ នាងពេញចិត្តនឹងធ្វើ ព្រោះថាជាការច្រៀង រៃអង្គាសប្រាក់ជួយ កុមារកំព្រាដែលកំពុងតែ ជួបការលំបាក ខ្វះខាត។
បញ្ញា ពេជ្រ បន្ថែមថា នៅក្នុងកម្មវិធីនោះ នាងបានត្រៀមបទចម្រៀង បែបមនោសញ្ចេតនា ៣ បទច្រៀងកំដរ អារម្មណ៍ទស្សនិកជន ។កញ្ញា ពៅ បញ្ញាពេជ្រ និយាយថា «សម្រាប់ថ្ងៃទី២០ ខែតុលា ខាងមុខនេះ ខ្ញុំនឹងចូលរួមច្រៀង ក្នុងកម្មវិធីរៃអង្គាសប្រាក់ នៅ សកលវិទ្យាល័យបញ្ញាសាស្ត្រដោយចាប់ផ្តើមលក់សំបុត្រ ចាប់ពីថ្ងៃច័ន្ទ ខាងមុខនេះ តទៅ។ …តាមពិតទៅខ្ញុំ ពេញចិត្តនឹងទទួលយក ការងារនេះណាស់ ទោះជាខ្ញុំមិនបានថ្លៃឈ្នួលក៏ដោយ ទោះជាខ្ញុំត្រូវខំប្រឹង ទាំងឈឺ ក៏ដោយព្រោះថានេះជាឱកាស សម្រាប់ខ្ញុំចាប់ផ្តើមឡើងវិញ» ។
នៅក្នុងការផ្តល់បទសម្ភាសន៍ តារាចម្រៀងរូបនេះក៏បានឆ្លៀតពេល ទទួច ស្នើសុំជំនួយពីទស្សនិកជនថា «នៅក្នុងកម្មវិធីនោះខ្ញុំមិនអាចទទួល បាន ប្រាក់កំរៃក៏ពិតមែន តែអ្នករៀបចំកម្មវិធី បានប្រាប់ខ្ញុំថាគាត់ និងរៀបចំជាហឹបមួយមានដាក់ឈ្មោះខ្ញុំ សម្រាប់ទុកឲ្យទស្សនិក ជនដែលចូលរួម ទស្សនាចង់ផ្តល់ជា ថវិកាដល់ខ្ញុំ ក្នុងការព្យាបាលជំងឺ ដូច្នេះបើសិនជាបង ប្អូនជនរួមជាតិមាន បំណងចង់ជួយឧបត្ថម្ភខ្ញុំ ដើម្បីមានឱកាសបន្ត ព្យាបាលជំងឺបន្តទៀត សូមសប្បុរសជនទៅ ចូលរួមទស្សនាក្នុងកម្មវិធីនោះឲ្យ បានច្រើនដោយចំណូលដែលរកបាន ពីការលក់សំបុត្រនិង ផ្តល់ទៅ កុមារកំព្រានៅខេត្តកោះកុង ហើយប្រាក់ដែល ដាក់នៅក្នុងហឹបជាប្រាក់ ដែលឧបត្ថម្ភខ្ញុំ »។
ទន្ទឹមជាមួយ សំឡេងរៀបរាប់ ដោយទឹកចិត្តសប្បាយរីករាយនោះ ដែល តារាចម្រៀងដែលធ្លាក់ខ្លួន ពិការរូបនេះក៏បាន បង្ហើបប្រាប់ពីអាការៈជំងឺ របស់នាងផងដែរថា រហូតមកដល់ពេលនេះ ក្រុមគ្រួសារ នាងនៅតែខំ ប្រឹងស្វែងរកថវិកា មកបន្តព្យាបាលជំងឺ បន្តមិនឈប់មិនឈរទេ នៅក្នុង នោះកន្លងមក នាងក៏ធ្លាប់បាន ថតជាឃ្លីបវីដេអូនិយាយពីអាការៈជំងឺ របស់នាងស្វែងរក ការឧបត្ថម្ភដល់នាងដែរ ហើយក៏មាន សប្បុរសជនទាំង ក្នុង និងក្រៅប្រទេសជាច្រើន បានជួយជាថវិកាមួយចំនួន ឲ្យនាងព្យាបាល ជំងឺដែរ ៕







ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល