ព័ត៌មានអន្តរជាតិ ៖ ក្រុមការងារ ជំនួយការបន្ទាន់ខាងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានមកដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបានទទួលព័ត៌មានថា ក្មេងសិស្សសាលាតូចវ័យ ៥ ឆ្នាំបានរកឃើញសំបកកាំភ្លើងធំ យកមកកាន់ និង បង្ហាញអ្នកដទៃលេង នៅក្នុងសាលារៀនបឋមសិក្សារបស់ពួកគេ នេះបើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយដោយទំព័របរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការរកឃើញនេះ ក្មេងតូចៗដែលជាសិស្សសាលាមកពីសាលាបឋមសិក្សាអង់គ្លេស St Margaret's Church of England Primary School ដែលស្ថិតនៅក្នុងភូមិ Bowers Gifford, Essex ក៏បានជម្លៀសចេញទៅកាន់ទីកន្លែងមានសុវត្ថិភាព។
ឪពុកម្តាយ ក៏ដូចជា អាណាព្យាបាលសិស្សសាលាបឋមតូចទាំងនោះ បានស្នើសុំយកកូនរបស់ខ្លួនទៅកាន់គេហដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីទទួលបានការប្រកាសអាសន្ន កាលពីរសៀលថ្ងៃពុធ មុនពេលដែល អ្នកជំនាញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានអះអាងអោយដឹងថាសំបកកាំភ្លើងធំ (artillery shell) ដែលមានប្រវែងដល់ទៅ ២០ ស.ម មួយនេះ មិនមានហានិភ័យ ក៏ដូចជា ការគំរាមគំហែងនោះទេ។

លើសពីនេះ បើយោងតាមអ្នកនាំពាក្យ មកពីសាលាបឋមសិក្សាមួយនេះ អោយដឹងថា ៖ពួកយើងពិតជាមានការយកចិត្តទុកដាក់ ទៅលើសុខាមាលភាពក្មេងៗជាសំខាន់ ដែលជាហេតុធ្វើអោយពួកយើង បានផ្តល់ជាព័ត៌មាន ដល់ក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ ដោយនឹងធ្វើតាមការណែនាំរបស់ពួកគេ៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ