គ្រោះថ្នាក់ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស កាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា មានសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅឯទីក្រុង ហុងកុង ដែលភ្លាមៗនោះ បានសម្លាប់មេចុងភៅដ៏ចំណានពីររូប មកពីប្រទេសស៊ុយអែត មកកាន់ទីក្រុងមាត់សមុទ្រមួយនេះ ដើម្បីធ្វើការផ្សព្វផ្សាយពីភោជនីយដ្នានរបស់ខ្លួន និងមានគោលបំណងបើកនៅទីនេះនាពេលអនាគត។
មេចុងភៅដ៏ចំណានទាំងពីររូបនោះ មកពីប្រទេសស៊ុយអែត
គួរបញ្ជាក់ផងដែរថា មេចុងភៅដ៏ចំណានទាំងពីររូប ប្រចាំភោជនីយដ្ឋាន Heston Blumenthal'sFat Duck មានទីតាំងស្តិតនៅក្នុងប្រទេសស៊ុយអែតនោះ មានឈ្មោះថា Carl Lindgren វ័យ ៣០ ឆ្នាំ និងលោក Ivan Aranto Herrera Jorge វ័យ ៣៤ ឆ្នាំ ។ ពួកគេទាំងពីរនាក់ ត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរថយន្តក្រុងពីរជាន់បើកចុះជំរៀល ល្បឿនលឿន បាត់បង់ម្ចាស់ការ ស្ទុះកម្រោលមកបុករថយន្តតាក់ស៊ី ដែលពួកគេកំពុងតែជិះ និងបានឆក់យកអាយុជីវិតភ្លាមៗតែម្តង។

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា រថយន្តក្រុងពីរជាន់បើកចុះជំរៀល ល្បឿនលឿន បាត់បង់ម្ចាស់ការនោះ មិនត្រឹមតែបានបើកទៅបុករថយន្តតាក់ស៊ីប៉ុណ្ណោះទេ តែក៏បានបន្តស្ទុះទៅបុករថយន្តក្រុងមួយផ្សេងទៀតផងដែរ ដែលក្រោយមក បន្ទាប់ពីកើតមានឡើងនូវសោកនាដកម្មដ៏គួរអោយសោកស្តាយមួយនេះ មនុស្ស៣ នាក់ត្រូវបានស្លាប់ ក្នុងនោះរួមមានមេចុងភៅដ៏ចំណានពីររូបនេះ និងអ្នកបើកតាក់ស៊ីម្នាក់ផ្សេងទៀត វ័យ ៥៣ ឆ្នាំ ស្របពេលដែលមនុស្សប្រមាណជាង ៥០ នាក់ទៀត បានរងរបួស។

គួររំឭកផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារ មានសមត្តកិច្ចផងដែរស្របពេលដែលការស៊ើបអង្កេតត្រូវបានបើក ដើម្បីរកមូលហេតុពិត ខណៈពេលដែលរថយន្តក្រុងនោះ ស្ទុះមកបុកគេបុកឯងទាំងកម្រោលបែបនេះ តែបើតាមការអះអាងជាជំហានដំបូងថា ទំនងមកពីប្រព័ន្ធហ្រ្វាំងមិនដំណើរការ (ដាច់ហ្រ្វាំង) ៕


ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល