គួរយល់ដឹង ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ហ្គាដៀន ដែលទើបតែបានចេញផ្សាយនាពេលកន្លងទៅ បានបង្ហាញទិន្នន័យអោយដឹងថា យ៉ាងហោចណាស់ អ្នកសារព័ត៌មាន ប្រមាណជាង ៧០ នាក់ទូទាំងពិភពលោកត្រូវបានសម្លាប់ នៅក្នុងរយៈពេលត្រឹមតែ កន្លះឆ្នាំប៉ុណ្ណោះ នាឆ្នាំ ២០១២ នេះ។

លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែមផងដែរថា ក្រោយពីមានការវាស់ស្ទង់ ពីវិទ្យាស្ថានសុវត្តិភាពសារព័ត៌មានអន្តរជាតិ ដែលហៅកាត់ថា (INSI) បានអោយដឹងថា គ្រាន់តែ នៅក្នុងប្រទេសស៊ីរី អំឡុងខែមករា-ខែមិថុនា អ្នកកាសែត ១៥ រូបត្រូវបានសម្លាប់ជាបន្តបន្តាប់ ស្របពេលដែលប្រទេស នីហ្សេរីយ៉ា ត្រូវបានរកអោយឃើញថាអ្នកកាសែតមិនស្គាល់អត្តសញ្ញាណ ៧នាក់ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រាប់បែក រីឯអ្នកកាសែត ៥ នាក់ផ្សេងទៀត ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារឧបទ្ទេវហេតុគ្រោះថ្នាក់យន្តហោះនៅតាមបណ្តាប្រទេសមួយចំនួនរួមមាន ៖ ម៉ិចស៊ិច ប្រេស៊ីល សូម៉ាលី ឥណ្ឌូនេស៊ី ជាដើម។

គួររំឮកផងដែរថា បើនិយាយពីតួលេខ អ្នកសារព័ត៌មាន ដែលត្រូវបានសម្លាប់ទូទាំងពិភពលោក កាលពីអំឡុងឆ្នាំ ២០១១ មានចំនួន ១២៤ នាក់ នេះបើយោងតាមទិន្នន័យដែលបានផ្តល់ដោយ(INSI)៕
ដោយ ៖ រិទ្ធីប្រភព ៖ guardian