ក្រោមការដឹកនាំរបស់ Kim Jong-un ប្រទេសកូរ៉េខាងជើងដ៏អាថ៌កំបាំងនេះ ហាក់ដូចកំពុងមានការប្ដូរផ្លាស់បន្តិចម្ដងៗ ពិសេសគឺការបើកទូលាយឱ្យមានលំហូរវប្បធម៌ និងបច្ចេកវិទ្យាបរទេស។

/

កូរ៉េខាងជើង ត្រូវបានគេមើលឃើញថា កំពុងបើកចំហជើងមេឃខ្លះៗ ក្រោមការដឹកនាំរបស់បុរសវ័យក្មេង Kim Jong-un។ លោក បានអនុញ្ញាតឱ្យមាននិមិត្តរូបនៃវប្បធម៌លោកខាងលិច និងអាមេរិក ដូចជាកណ្ដុរ Mickey និងអតីតតារាបាល់បោះ Dennis Rodman បង្ហាញខ្លួនក្នុងប្រទេសនេះ។ ទាំងនេះ គឺជាបុគ្គល និងតួអង្គដ៏ល្បីឈ្មោះរបស់លោកខាងលិច ប៉ុន្ដែ វាទើបតែត្រូវបានគេស្គាល់ច្រើន នៅកូរ៉េខាងជើង ក្នុងពេលថ្មីៗនេះ។

លោក Kim Jong-un ក៏បានបន្ធូរបន្ថយការរឹតត្បិតផ្នែកបច្ចេកវិទ្យាជាន់ខ្ពស់ និងទំនិញ នៅក្នុងប្រទេសរបស់ខ្លួន ដែលមុននេះ ពលរដ្ឋដែលប្រើប្រាស់របស់របរប្រភេទនេះ អាចប្រឈមនឹងការជាប់ព័ន្ធនាគារ។

យោងតាម  Orascom Telecom Media & Technology Holding របស់អេហ្សីប ដែលជាអ្នកផ្គត់ផ្គង់សេវាកម្មចល័តនៅកូរ៉េខាងជើង ឱ្យដឹងថា បច្ចុប្បន្ន ពលរដ្ឋប្រទេសនេះ ប្រមាណជា ១,៤លាននាក់ កំពុងប្រើប្រាស់ទូរស័ព្ទចល័ត។ ចាប់ពីពាក់កណ្ដាលឆ្នាំ ២០១៤ មកនេះ បណ្ដាទូរស័ព្ទដែលមានផ្ទុកហ្គេមបច្ចេកវិទ្យាខ្ពស់ និងប្រលោមលោកខ្លីៗ ក៏បានមកដល់ក្រុងព្យុងយ៉ាង។ ជនជាតិកូរ៉េខាងជើង បច្ចុប្បន្នក៏ត្រូវបានអនុញ្ញាតឱ្យបំពាក់ហ្គេមបរទែសមួយចំនួនក្នុងទូរស័ព្ទ ដូចជា Talking Tom និង Plant vs Zombies បើទោះជាការអ៊ីនធឺរណែត និង 3G នៅមានកម្រិត។

/

លោក Kim Jong-un បានអនុញ្ញាតឱ្យលក់ផលិតផលមួយចំនួនដល់ក្រុមមនុស្សស្ថិតក្នុងវណ្ណៈខ្ពស់ នៅក្នុងប្រទេស ដែលផលិតផលទាំងនោះ មុននេះ ត្រូវបានហាមឃាត់ រួមមានដូចជា ម៉ាស៊ីនថតរូបទំនើប និងផលិតផលថែរក្សាសម្រស់។ ផលិតផលបរទេស ដូចជា ស្រាបៀរ សាប៊ូកក់សក់ ថ្នាំដុសធ្មេញអាល្លឺម៉ង់ជាដើម ក៏ត្រូវបានគេដាក់លក់នៅទីនេះកាន់តែច្រើនឡើងៗ។ ជាងនេះ កាហ្វេ ក៏កំពុងត្រូវបានគេនិយមចូលចិត្តនៅទីនេះ។

Zhang Yushan អ្នកជំនាញការផ្នែកកូរ៉េខាងជើង នៃមន្ទីរស្រាវជ្រាវសង្គមរបស់ចិន ថ្លែងថា ៖ “បន្ទាប់ពីបានកែទម្រង់សេដ្ឋកិច្ច និងដោះដូរជាមួយពិភពលោក រដ្ឋាភិបាល មិនអាចគ្រប់គ្រងសតិ អារម្មណ៍របស់ពលរដ្ឋបានតឹងរឹងដូចមុន”។ លោកបន្តថា ប្រជាជនកូរ៉េខាងជើង កាន់តែមានតម្រូវការច្រើនឡើងៗ។

ទូរទស្សន៍រដ្ឋ បានចាប់ផ្ដើមបញ្ចាំងកម្មវិធីបរទេសច្រើនជាងមុន ដូចភាពយន្តជីវចលលោកខាងលិច ភាពយន្តចិនជាដើម។ ការបើកទូលាយនេះ មានអត្ថន័យធំធេង ព្រោះថា អតីតមេដឹកនាំ លោក Kim Jong-il ធ្លាប់បានដាក់វិស័យការពារជាតិសំខាន់ជាងគេ និងតែងតែដាក់ឱ្យប្រទេសស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារការវាយប្រហារពីអាមេរិក និងកូរ៉េខាងត្បូង ហើយទាហាន និងពលរដ្ឋ ក៏មិនត្រូវបានអនុញ្ញាតឱ្យមានពេលលំហែកាយ ឬកំសាន្ត។ ចំណែកជំនាន់របស់ Kim Jong-un ពលរដ្ឋកូរ៉េខាងជើង មានពេលឈប់សម្រាក។

យ៉ាងនេះក្ដី ទំព័រ BBC ឱ្យដឹងថា ការប្ដូរផ្លាស់ខាងលើរបស់កូរ៉េខាងជើង គឺអាចក្នុងបំណងជួយឱ្យ Kim Jong-un ទទួលបានការគាំទ្រច្រើនពីមនុស្សជំនាន់ថ្មីរបស់ប្រទេសនេះ។ ម្យ៉ាងទៀត វាក៏ជាវិធីផ្ដល់រង្វាន់មួយ ដល់អ្នកស្មោះត្រង់ចំពោះមេដឹកនាំរូបនេះ។

/

លោក Geoffrey See និង​អ្នក​ស្រី Jean Lee

លោក Geoffrey See អគ្គនាយករបស់អង្គការមិនស្វែងរកកម្រៃ Choson Exchange ដែលជំនាញបណ្ដុះបណ្ដាលផ្នែកសេដ្ឋកិច្ច និងច្បាប់របស់កូរ៉េខាងជើង  ថ្លែងថា ៖ “ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ សង្កត់ធ្ងន់ថា ប្រទេសត្រូវតែមានការកែទម្រង់ និងធ្វើឱ្យសមស្របជាមួយនឹងសតិអារម្មណ៍មួយចំនួន”។

អ្នកស្រី Jean Lee ជនជាតិអាមេរិកដើមកំណើតកូរ៉េម្នាក់ និងជាអ្នកដឹកនាំកាសែតបរទេសមួយដំបូងគេ ដែលបានបើកការិយាល័យនៅកូរ៉េខាងជើង អះអាងថា ការផ្លាស់ប្ដូរនេះ គឺជាយុទ្ធសាស្ដ្រមួយរបស់លោក Kim ដើម្បីបង្កើតមូលដ្ឋានអំណាចដ៏រឹងមាំមួយ សម្រាប់ខ្លួនឯង៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BBC