យ៉ាងហោចណាស់មានអ្នករងរបួស ២៧នាក់កាលពីថ្ងៃទី ២៧កន្លងទៅ នៅពេលមានករណីផ្ទុះជាបន្ដបន្ទាប់ក្នុងក្រុងមួយនៅភាគខាងត្បូង អ៊ុយក្រែន ដែលនេះជាបញ្ហាធំចំពោះសន្ដិសុខនៅមុនការប្រកួតបាលទាត់ Euro ២០១២។
យ៉ាងហោចមានអ្នករបួស ២៧នាក់ ក្នុងករណីផ្ទុះចំនួន ៤លើក នៅ Dnipropetrovsk
ករណីផ្ទុះទាំង ៤លើក បានធ្វើអោយកក្រើកក្នុងតំបន់ Dnipropetrovsk ប្រទេសអ៊ុយក្រែនខណៈដែលក្រុមនគរបាលទីក្រុងកំពុងប្រើម៉ស៊ីនដើម្បីស្វែងរកគ្រឿងផ្ទុះ។ នៅក្នុងការផ្ទុះនេះ មានអ្នករបួសធ្ងន់ចំនួន ៤នាក់ និងមានក្មេងតូចៗចំនួន ៩នាក់ផងដែរ។
ប្រធានាធិបតិអ៊ុយក្រែន លោក Viktor Yanukovych បានសន្យាថានឹងឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងការវាយប្រហារដែលបានធ្វើឡើងប៉ុន្មានសប្ដាហ៍មុនពេលអ៊ុយក្រែន និង ប៉ូឡូញប្រារព្ធការប្រកួតបាលទាត់អ៊ឺរ៉ុប ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ៨ មិថុនាខាងមុខ។
ក្រុមចៅក្រមអ៊ុយក្រែន កំពុងធ្វើការស៊ើបអង្កេតក្នុងករណីនេះ ដោយសង្ស័យថាអាចជាការវាយប្រហារភេរវកម្ម។ ចំណែករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក Vitaly Zakharchenko ក៏បានធ្វើដំណើរជាបន្ទាន់ទៅកាន់កន្លែងកើតហេតុនោះដែរ។
បច្ចុប្បន្ន គេនៅមិនទាន់ដឹងថា អ្នកណាគឺជាអ្នកទទួលខុសត្រូវក្នុងអំពើវាយប្រហារនេះនៅឡើយ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ AFP