ក្រុមហ៊ុន Nokia ប្រកាសចាប់ផ្តើមសាងសង់រោងចក្រនៅប្រទេសវៀតណាមហើយ ដើម្បីបំពេញសេចក្តីត្រូវ ការទូរស័ព្ទចល័តរបស់ប្រជាជននៅទូទាំងពិភពលោក។ ពិធីខាងលើមានការអញ្ជើញចូលរួមពីលោកស្រី Nguyen Thi Kim Nganលេខាធិការគណៈកម្មការមជ្ឈិមបក្សនិងជាអនុប្រធានរដ្ឋសភាជាតិវៀតណាម, លោក Nguyen Quan រដ្ឋមន្ត្រីនៃក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា,លោក KimmoLahdevirta ឯកអគ្គរដ្ឋកាទូតនៃប្រទេសហ្វាំងឡង់ប្រចាំនៅប្រទេសវៀតណាម ព្រមទាំងមន្ត្រីជាងខ្ពស់ជាច្រើននាក់ទៀត សរុបទាំងអស់ប្រមាណជាង ២០០ រូប។

មានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្មវៀតណាម-សឹង្ហបុរីនៃខេត្តបាក់នីញ រោងចក្រ Nokia កំពុងតែត្រូវបានរៀបចំតំលើងនៅលើផ្ទៃដីចំនួន ១៧ ហិកតា ហើយគេរំពឹងថានឹងរួចរាល់ជាស្ថាពរនៅដើមឆ្នាំ ២០១៣ខាងមុខនេះ។
ព្រឹត្តិការណ៍កាលពីម្សិលមិញគឺជាការបោះជំហានថ្មីមួយទៀតដែលស្តែងឲ្យឃើញអំពីការប្តេជ្ញាចិត្តរបស់ Nokia ក្នុងការវិនិយោគទុនរយៈពេលយូរអង្វែងនៅក្នុងទីផ្សារប្រទេសវៀតណាមផ្អែក លើបង្គោលយុទ្ធសាស្រ្ត “Connect the next billion” ពោលគឺការផ្តល់ជូនអ្នកប្រើប្រាស់រាប់ពាន់លាននាក់បន្ថែមទៀតនូវលទ្ធភាពចូលទៅប្រើប្រាស់អ៊ិនធឺណិត។
គោលជំហររបស់ Nokia នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ មានភាពរឹងមាំ ហើយទូរស័ព្ទ ចល័តដើរតួនាទីយ៉ាងសំខាន់។ រោងចក្រផលិតកម្មថ្មី កំពុងតែត្រូវបានស្ថាបនាឡើងក្នុងគោល បំណងដើម្បីបំពេញសេចក្តីត្រូវការអ្នកប្រើប្រាស់ផង និងដើម្បីជួយឲ្យ Nokia ផ្តល់ជូននូវបទពិសោធន៍ទូរស័ព្ទចល័តទៅដល់អ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅជុំវិញពិភពលោកផង។
លោក Nguyen NhanChien ប្រធានគណៈកម្មការប្រជាជនប្រចាំខេត្តបាក់និញ បានមាន ប្រសាសន៍ថា“យើងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Nokia ដែលបានប្រែក្លាយគំរោងសាងសង់រោងចក្រនៅទីនេះឲ្យក្លាយទៅជាការពិត។ កត្តានចូលរួមចំណែកបង្កើនការវិនិយោគពីបរទេសនៅក្នុងប្រទេសវៀតណាម ជាពិសេសក្នុងខេត្តបាក់និញនេះតែម្តង។ យើង សង្ឃឹមថា នឹងមានលទ្ធផលជាវិជ្ជមានចំពោះសេដ្ឋកិច្ច និងសង្គមតាមរយៈការបង្កើតការងារ និងការលើកកំពស់ចំណេះដឹងនៅក្នុងសហគមន៍ស្តីពីបច្ចេកវិទ្យាព័ត៌មាន”។
លោកស្រី Mary McDowell នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែក Mobile Phone បានមានប្រសាសន៍បញ្ជាក់ថា “ក្រោមការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលវៀតណាម គំរោងស្ថាបនារោងចក្រនៅវៀតណាមដំណើរការយ៉ាងរលូន។ រោងចក្រថ្មីនេះនឹងផលិត និងផ្គត់ផ្គង់ផលិតផលទូរស័ព្ទដៃថ្មី តំលៃកាន់តែសមស្រប និងបំពេញតំរូវការប្រើប្រាស់ក្នុងស្រុក ជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍”។
Nokiaកំពុងមានដំណើរការល្អក្នុងការអនុវត្តយុទ្ធសាស្រ្ត “Connect the next billion” របស់ខ្លួន។ កន្លងមក ក្រុមហ៊ុនបានបញ្ចេញផលិតផលជាច្រើនម៉ូដែល ប្រកបដោយការរចនាម៉ូដនិងទំរង់ទូរស័ព្ទថ្មីៗ មានកម្មវិធីបណ្តាញសង្គម កម្មវិធីកំសាន្ត, Messaging និងសេវាកម្មជាច្រើនទៀត ទៅក្នុងទីផ្សារដើម្បីផ្តល់ជូនអតិថិជន។
ក្រុមហ៊ុន Nokia បានបើកប្រតិបត្តិនៅក្នុងប្រទេសវៀតណាមលើកដំបូងនៅក្នុងឆ្នាំ ១៩៩៦ ហើយបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការសំរបខ្លួនចូលក្នុងសហគមន៍វៀតណាម។ ដូចជាក្រុមហ៊ុនអន្តរជាតិនានាដែរNokia បានពិនិត្យឃើញថា វៀតណាមគឺជាទីផ្សារកំពុងរីកចំរើន និងពោរពេញទៅដោយសក្តានុពល។
នាពេលបច្ចុប្បន្ននេះ Nokia មានការិយាល័យតំណាងចំនួនពីរនៅប្រទេសវៀតណាម ៖ មួយនៅឯទីក្រុងហូជីមិញ ហើយមួយទៀតនៅទីក្រុងហាណូយ។ ការិយាល័យទាំងពីរនេះគ្រប់គ្រង ប្រតិបត្តិការទីផ្សារលើផលិតផលទូរស័ព្ទដៃ។ កាលពីឆ្នាំ ២០១០ Nokia បានបើកការិយាល័យតំណាងបន្ថែមមួយទីតាំងទៀតនៅឯរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា បង្កើតបានជាទីផ្សារប្រចាំនៅភូមិភាគ ឥណ្ឌូចិន។
ប្រភព៖ Nokia