ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ អ្នកនាង ចន ច័ន្ទលក្ខិណា បានដាក់ពាក្យបណ្តឹង ប្តឹងលែងលះស្វាមី ដែលជាតារាសម្តែងរូបសង្ហា លោក យុត្ថារ៉ា ឆានី ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ អស់រយៈពេល២សប្តាហ៍មកហើយ រហូត មកដល់ពេលនេះ គេនៅមិនទាន់ឃើញ តុលាការចាត់វិធានការ កោះហៅមកសម្របសម្រួល តាមផ្លូវច្បាប់ណាមួយ ឬបើកសវនាការលើបណ្តឹង របស់នាងនៅឡើយទេ ។

គេនៅចាំបានថា កាលពីសប្ដាហ៍មុន LookingTODAY ធ្លាប់បានចុះផ្សាយអត្ថបទមួយទាក់ទង នឹងការបែក ធ្លាយព័ត៌មានថាពិធីការិនី ចន ច័ន្ទលក្ខិណា ដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការ សុំលែងលះ ស្វាមីតាមផ្លូវច្បាប់ ប៉ុន្តែត្រូវបានស្វាមីភរិយា ដែលជា តារាសម្តែងចាស់ វស្សាមួយគូនេះ ចេញមុខច្រានចោល មិនទទួលស្គាល់ការពិត ដោយបដិសេធថា មិនមែនជាការពិត ថែមទាំងអះអាងថា ពួកគេស្រឡាញ់យល់ចិត្ត ថ្លើមគ្នាជាធម្មតា ។

បើទោះបីជាមានការ លើកឡើងពីអំណេះអំណាង របស់ពួកគេទាំងពីរនាក់ក៏ដោយ ក៏នៅតែមិនអាចលាក់បាំង ការពិតបានទេ ដូចពាក្យចាស់ពោលថា ក្រដាសមិនអាចខ្ចប់ភ្លើងជិតឡើយ ការពិតនៅតែជាការពិត មុននិងក្រោយគង់តែគេដឹងដដែល។ ថ្មីៗនេះទៀតសោត មានប្រភពពីមន្ត្រីបម្រើការងារ នៅសាលាដំបូងរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា បើគិតរហូតមកដល់ពេលនេះ មានរយៈពេលកន្លះខែហើយ ដែលតារាសម្តែងនិងជាតារាបង្ហាញម៉ូដ មានឈ្មោះបោះសំឡេង អ្នកនាង ចន ច័ន្ទលក្ខិណា បានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅតុលាការដើម្បីប្តឹងលែងលះស្វាមី លោក យុត្ថារ៉ា ឆានី ។ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញ តុលាការមានវិធានការ ឬក៏ត្រៀមបើកសវនាការដោះស្រាយ កោះហៅភាគីទាំងសងខាង ទៅសម្របសម្រួលអ្វីឡើយ ។

ជាការពិតណាស់ កន្លងមកធ្លាប់ មានព័ត៌មានលេចឮ ពីចំណងស្នេហ៍របស់ពួកគេ មានភាពរង្គោះរង្គើ ដោយសារតែមានអ្នកទី៣ ចូលជ្រៀតជ្រែកស្នេហ៍ ពោលគឺអ្នកនាង ចន ច័ន្ទលក្ខិណា មានបុរសមានអំណាចសម្បូរលុយ ជាមន្ត្រីយោធា ពាក់ផ្កាយនៅលើស្នាថែមទៀតផង ។ អ្នកទី៣ ដែលជាមន្ត្រីមានអំណាច និងមកបំបែបស្នេហារបស់គេ ទាំងមិនចេះអៀនខ្មាសនោះ ក៏បានលេចឮជាយូរមកហើយ រហូតធ្វើឲ្យតារាសម្ដែង ចន ច័ន្ទលក្ខិណា ភ្លេចគ្រាកំសត់ ភ្លេចគ្រាក្រខំតស៊ូត្រដាបត្រដួស ជាមួយស្វាមី ទំរាំបានមកដល់ពេលនេះ ទីបំផុតនាងបែរជាសម្លឹងឃើញទឹកប្រាក់ សម្លឹងឃើញអំណាច ជាជាងសុភមង្គលគ្រួសារ។

ប៉ុន្តែជារឿយៗឲ្យតែលេចព័ត៌មាន នៃការបែកបាក់ស្នេហា ក្នុងជីវិតស្វាមីភរិយា របស់តារាសម្តែង ចាស់វស្សាទាំងពីរនេះ គេមិនដែលឃើញមានអ្នកណាម្នាក់ ក្នុងចំណោមពួកគេទាំងពីរនាក់ទទួលស្គាល់ ការពិតឡើយ ។ ជានិច្ចកាលពួកគេ និងគ្រួសារតែងតែបដិសេធ ដោយសារតែខ្លាចខ្មាសគេ និងទទួលរងការរិះគន់ ព្រោះកន្លងមកគូស្វាមីភរិយា មួយគូនេះ ធ្លាប់ត្រូវបាន មហាជនដាក់រហ័សនាមឲ្យថា ជាគ្រួសារគំរូក្នុងពិភពសិល្បៈ ។

ប្រសិនបើពួកគេទាំងពីរនាក់បែកបាក់គ្នាមែននោះ ស្តែងឲ្យឃើញច្បាស់ណាស់ថា ពួកគេមិនស័ក្តិសម ជាគូស្នេហ៍គំរូ ក្នុងសិល្បៈទៀតឡើយ។ LookingTODAY មិនអាចទាក់ទងទៅ អ្នកនាង ចន ច័ន្ទលក្ខិណា និង លោក យុត្ថារ៉ា ឆានី បានឡើយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នេះ៕

Looking

Looking

Looking

 

ដោយ​ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល