ព័ត៌មានជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានក្នុងស្រុក ដែលបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា ក្មេងស្រីម្នាក់ ត្រូវបានឪពុកបង្កើតរបស់នាងថយរថយន្តចូលហ្គារ៉ាស ខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយកិនកូនខ្លួនឯងបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុនេះ កើតឡើងកាលពីវេលា ម៉ោង៥និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ ស្ថិតនៅក្នុងហ្គារ៉ាស ជួសជុលរថយន្តយីហោ ម៉ៅស៊ីណា ស្ថិតនៅតាមបណ្តោយ ផ្លូវ២០០៤ ខាងក្រោយផ្សារ ស៊ិនជូរីផ្លាហ្សា ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លើសពីនេះទៅទៀត បើយោងតាមប្រភពព័ត៌មានពីនគរបាលចរាចរ ខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ ម៉ៅ រ៉ូហ្សា អាយុ១ឆ្នាំកន្លះ ។ ឪពុកឈ្មោះ ម៉ៅ នឿន អាយុ ៣៥ ឆ្នាំ មានមុខរបរ ជាជាងជួសជុលរថយន្ត និង ប្រពន្ធឈ្មោះ ជុំ សម្ផស្ស អាយុ ២៧ឆ្នាំជាមេផ្ទះ អ្នកទាំងពីរបច្ចុប្បន្នស្នាក់នៅ ក្នុងហ្គារ៉ាសកើតហេតុខាងលើ។
គួរបញ្ជាក់ផងដែរថា ប្រភពព័ត៌មានដដែលនេះបន្ថែមថា កាលពីដំបូងមានការសង្ស័យ ទៅលើពូរបស់ក្មេងស្រី ថាជាអ្នកថយ រថយន្តកិនក្មួយរបស់ខ្លួនស្លាប់ ហើយបើករថយន្តគេច ប៉ុន្តែដោយមានម្ទិលសង្ស័យ ទើបធ្វើការតាមដាន បន្តសាកសួរ ទើប ទទួលព័ត៌មានថា ឪពុកក្មេងស្រីរងគ្រោះ ជាអ្នកថយរថយន្តកិនកូនខ្លួនឯង បណ្តាលឲ្យធ្លាយខួរស្លាប់ នៅនឹងកន្លែង ។ បច្ចុប្បន្នសព ត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



ដោយ ៖ រិទ្ធីប្រភព ៖ dap