ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់​​​  មនុស្ស ៣៧ នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលដែល ១៤ នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានបើកធ្លាក់ស្ពានមួយកន្លែង  នាភាគខាងលិចប្រទេសឥណ្ឌា    នេះបើតាមការអោយដឹង  ពីទំព័រសារព័ត៌មានបរទេស BBC ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា រថយន្តក្រុងខាងលើបានបាត់បង់ម្ចាស់ការ   ខណៈពេលដែលបានមកដល់កន្លែងកើតហេតុ ​ ពោលគឺបានបើកធ្លាក់ស្ពានបោលចូលទន្លេមួយ ក្នុងស្រុក Ratnagiri ចម្ងាយប្រមាណជាង ២០០ គីឡូម៉ែត្រ  ភាគខាងត្បូងទីក្រុង Mumbai ។

width=463

គួររំឭកផងដែរថា រថយន្តក្រុងមួយនេះ ដឹកអ្នកដំណើរច្រើនជាង ៥០ នាក់ ធ្វើដំណើរពី Goa ទៅទីក្រុង Mumbai  ហើយបើនិយាយពីជនរងគ្រោះទាំងនោះវិញ  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៣ កន្លែងដែលក្បែរកន្លែងកើតហេតុ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ដោយឡែក បើនិយាយពីមូលហេតុនៃការជួបឧបទ្ទេវហេតុលើកនេះ បន្ទាប់ពីរថយន្តក្រុងបាត់បង់ម្ចាស់ការណ៍នោះ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ BBC