ទូរទស្សន៍ជាតិ រុស្ស៊ី កាលពីថ្ងៃទី ១៣វិច្ឆិកា កន្លងទៅ បានបញ្ចេញរូបថតផ្កាយរណបមួយ ក្នុងនោះត្រូវបានគេឃើញថា យន្ដហោះ MH17 របស់ Malaysia Airlines ត្រូវបានបាញ់ទម្លាក់ ដោយយន្ដហោះចម្បាំងមួយគ្រឿង។ ប្រសិនរូបភាពនោះគឺជាការពិត គេជឿថា វានឹងជាព័ត៌មានដែលនាំមកនូវភាពភ្ញាក់ផ្អើលជាទីបំផុត។

/

រូប​ភាព​នេះ​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ​រុស្ស៊ី

ព័ត៌មាននៅលើទូរទស្សន៍ប៉ុស្ដិ៍លេខ ១ របស់រុស្ស៊ី បានប្រកាស និងអះអាងថា បណ្ដារូបថតដែលត្រូវបានផ្កាយរណបថតបាន មុនពេលយន្ដហោះ Boeing របស់ម៉ាឡេស៊ី ត្រូវគេបាញ់ទម្លាក់ នៅភាគខាងកើតប្រទេសអ៊ុយក្រែន បណ្ដាលឱ្យមនុស្សចំនួន ២៩៨នាក់បានបាត់បង់ជីវិត កាលពីថ្ងៃទី ១៧កក្កដាឆ្នាំ ២០១៤។

Mikhail Leontyev ពិពន្ធនាយករបស់ទូរទស្សន៍ប៉ុស្តិ៍ និយាយឌឺដងថា ៖ “យើងទាំងអស់គ្នា ដឹងហើយថា នៅក្នុងកិច្ចប្រជុំកំពូល G20 នៅ Brisbane នាយករដ្ឋមន្ដ្រី Abbott គំរាមថានឹងសួរដេញដោលប្រធានាធិបតីរបស់យើង អំពីករណីយន្ដហោះ Boeing របស់ម៉ាឡេស៊ី។ ចូររួមគ្នាសាកល្បង ជួយឱ្យគាត់ ចោទសួរបានងាយស្រួល”។

វិស្វកររុស្ស៊ីម្នាក់ដែលបានចូលរួមក្នុងការស្រាវជ្រាវករណីយន្ដហោះរបស់ម៉ាឡេស៊ី ដែលត្រូវគេបាញ់ទម្លាក់ បានអះអាងថា ខ្លួនទទួលបានរូបថតដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី ១២វិច្ឆិកា។ ទូរទស្សន៍របស់រុស្ស៊ី បានចេញផ្សាយនូវរូបថតនៃសារជាភាសាអង់គ្លេសមួយ បានមកពីឈ្មោះ George Bilt ដែលអះអាងថា ខ្លួនជាអ្នកជំនាញផ្នែកអាកាសចរណ៍ ហើយធ្លាប់បញ្ចប់ការសិក្សានៅមន្ទីរបច្ចេកវិទ្យា Massachusetts អាមេរិក។ ក្នុងសំបុត្រនោះ បញ្ជាក់ថា យន្ដ Boeing របស់ម៉ាឡេស៊ី ត្រូវបានបាញ់ទម្លាក់ ដោយកាំភ្លើងធំ និងកាំជ្រួចពីយន្ដហោះមួយគ្រឿង។

គួររំលឹកថា មុននេះ រុស្ស៊ីបានលើកឡើងថា យន្ដហោះចម្បាំង Su-25 មួយគ្រឿងរបស់អ៊ុយក្រែន បានតាមពីក្រោយយន្ដហោះ Boeing 777 ។

/

យន្ដហោះត្រូវ​បាន​គេ​អះអាង​ថា ជា MH17 របស់ Malaysia Airlines ដែល​ថត​បាន មុនពេល​វា​ធ្លាក់ប៉ុន្មាន​នាទី

យ៉ាងនេះក្ដី នៅលើទំព័រសារព័ត៌មាន Telegraph ក៏ដូចជា BBC មានការយល់ឃើញខុសគ្នា ជុំវិញរូបភាពដែលទើបត្រូវបានទូរទស្សន៍រុស្ស៊ី ចេញផ្សាយថ្មីៗនេះ ដោយមានអ្នកអានខ្លះលើកឡើងថា បណ្ដារូបភាពខ្លះនៅលើដងខ្លួនរបស់យន្ដហោះ Boeing ក្នុងរូបថតផ្កាយរណបនេះ គឺផ្ទុយគ្នាទៅនឹងយន្ដហោះ របស់ក្រុមហ៊ុន Malaysia Airlines ហើយផ្លូវហោះហើររបស់យន្ដហោះ MH17 មិនសមស្រប​ជាមួយនឹងរូបភាពដែលបានចុះផ្សាយ។

កាលពីខែកញ្ញា ការស្រាវជ្រាវរបស់ប្រទេសហូឡង់ បានប្រកាសថា យន្ដហោះ ត្រូវបានគេធ្វើឱ្យខូចខាតពីខាងក្រៅ ដោយវត្ថុធាតុជាច្រើន ដែលមានកម្លាំងខ្លាំង។ លទ្ធផលនៃការស្រាវជ្រាវនេះ គឺសមស្របជាមួយនឹងការលើកឡើងថា យន្ដហោះ បានត្រូវគ្រាប់កាំជ្រួចដែលបាញ់ចេញពីដី។ កាំជ្រួចនេះ បានផ្ទុះឡើងក្បែរយន្ដហោះ បង្កើតបានជាកំទេសដែកស្រួចៗ បុកទម្លុះដងខ្លួន ធ្វើឱ្យយន្ដហោះ ត្រូវបាក់បែកជាបំណែក ហើយវាក៏មិនផ្ទុះឆេះ ដូចទៅនឹងយន្ដហោះដែលត្រូវគ្រាប់កាំជ្រួចអាកាសប្រឆាំងអាកាសនោះដែរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Telegraph/BBC