គេត្រូវរង់ចាំរហូតដល់ជាង ២ខែទៀត ទើប iPhone 7 បង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែ ដំណឹងចចាមអារ៉ាមថ្មីៗនេះ បានធ្វើឱ្យអ្នករចនា Giorgi Tedoradze ចាប់ផ្ដើមបង្កើត concept iPhone 7 ជួយឱ្យយើង អាចយល់បានខ្លះនូវរូបរាងពិតរបស់​ស្មាតហ្វូនថ្មី​នៃក្រុមហ៊ុន Apple ។

/

Concept iPhone 7 របស់ Giorgi Tedoradze មានរូបរាងមិនប្លែកគ្នាប៉ុន្មាន បើធៀបនឹងបណ្ដារូបភាពដែលបានបែកធ្លាយកន្លងមក។ ជាដំបូងគឺខ្សែអង់តែនដ៏អាក្រក់នៅខាងខ្នង ត្រូវបានគេបំបាត់ចោល។ ក្រៅពីនេះ រន្ធសម្រាប់ដោតកាស 3,5 mm ក៏ត្រូវបំបាត់ចោល ដើម្បីទុកកន្លែងឱ្យប្រព័ន្ធសម្លេង stereo។

/

ទន្ទឹមនឹងនេះ concept iPhone 7 របស់ Giorgi Tedoradze មានរូបរាងស្ដើង គឺកម្រាស់ត្រឹមតែ 6,5 mm ពោលគឺស្ដើងជាង iPhone 6s ដែលមានកម្រាស់ 7,1 mm។ កាមេរ៉ាក្រោយរបស់វា មានទំហំ 12 MP ប៉ុន្តែបំពាក់បច្ចេកវិទ្យាទំនើបៗ ដែលជួយឱ្យរូបថត មានគុណភាពខ្ពស់ជាងកំណែមុនៗ។

/

ដោយសារតែរន្ធដោតកាសត្រូវបានបំបាត់ ដូច្នេះ កាសរបស់ iPhone 7 នឹងត្រូវដោតទៅលើរន្ធ Lightning ប៉ុន្តែ Giorgi Tedoradze នៅតែមានបំណងចង់ឱ្យ iPhone 7 ប្រើប្រាស់កាសអត់ខ្សែ​របស់ Beats ដែលជាក្រុមហ៊ុនមួយត្រូវបាន Apple ទិញកាលពីមុននេះ។

/

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាកំណែ​ concept ប៉ុណ្ណោះ ហើយគេក៏មិនប្រាកដថា iPhone 7 នឹងមានរូបរាងបែបនេះនោះដែរ។ ក៏ប៉ុន្តែ វាក៏បានជួយឱ្យយើងយល់បានខ្លះៗអំពីរូបរាងពិតរបស់ iPhone 7 ។

ប្រែសម្រួល ៖ បុត្រា