ភ្នំពេញ៖ នៅទឹកដីប្រាង្គប្រាសាទ អង្គរវត្តដ៏ពិសិដ្ឋ របស់កម្ពុជាក្នុងទីរួមខេត្តសៀមរាបកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ បានបិទព្រឹត្តិការណ៍ ប្រកួតរត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងអង្គរលើកទី១៩ ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកអភិបាលខេត្ត ព្រមទាំងភ្ញៀវជាតិអន្តរជាតិ និងកីឡាករ កីឡាការីមកពី៧៩ប្រទេសចូលរួមផងដែរ ។

លោក ថោង ខុន បានមានប្រសាសន៍ក្នុងឱកាសនោះថា “ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរលើកទី១៩ ឆ្នាំ២០១៤នៅលើទឹកដី ប្រវត្តិសាស្ត្រសៀមរាបដែល បានប្រព្រឹត្តឡើងនៅមុខប្រាសាទអង្គរវត្តនេះ ក៏ជាយន្តការមួយក្នុងការទាក់ទាញ ដល់ភ្ញៀវទេសចរ ឲ្យមកពីគ្រប់តំបន់ លើពិភពលោកចូល មកទស្សនាកម្សាន្តនូវសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិធម្មជាតិកម្ពុជាផងដែរ ។ ព្រឹត្តិការណ៍រត់ ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ គឺជារៀងរាល់ឆ្នាំត្រូវបានប្រារព្ធ ធ្វើនៅមុខអង្គរវត្តដោយមានកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ បានចូលរួមគាំទ្រ” ។

លោកបានបន្ថែមទៀតថា “ម្យ៉ាងទៀតក្នុងឆ្នាំ២០១៤នេះ មានកីឡាករ-កីឡាការិនីបានចូលរួមជាង៨ពាន់នាក់ ហើយកីឡាករ-កីឡាការិនី បរទេសជាង៥ពាន់ មកពី៧៨ប្រទេស ចំណែកកម្ពុជាមានកីឡាករ-កីឡាការិនីចូលរួមជាង៣ពាន់នាក់ផងដែរ បើប្រៀបធៀបទៅឆ្នាំ២០១៣ មានការកើនឡើង ។ តាមរយៈកីឡាទេសចរណ៍នេះបានបង្កើនស្មារតី សាមគ្គីភាព មិត្តភាព ក្នុងការចូលរួមរត់ប្រណាំង អន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង អង្គរលើកទី១៩ ដែលប្រកបទៅដោយសេចក្តីសុខសុវត្ថិភាព និងផ្តល់ទស្សនាទានកីឡាស្អាតស្អំ កីឡាបៃតង ដើម្បីកសាងពិភពលោកមួយដ៏ល្អ” ។

សម្រាប់លទ្ធផលវិញវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រផ្នែកបុរស ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករកម្ពុជា ពាក់ស្លាកលេខ២៨៤៣ ឈ្មោះ ម៉ា វីរ៉ូ ប្រើថេរវេលា១ម៉ោង១៦នាទី ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករកម្ពុជាពាក់ផ្លាកលេខ១២០២ ឈ្មោះ ផាន សុភ័ក្ត ប្រើថេរវេលា ១ម៉ោង២១នាទី៤១វិនាទី ចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករជនជាតិអង់គ្លេស ពាក់ស្លាកលេខ២៦៧៥ ឈ្មោះ ថូ ម៉ាស់ ប្រើថេរវេលា ១ម៉ោង២២នាទី១៥វិនាទី ។ ផ្នែកនារី ចំណាត់ ថ្នាក់លេខ១បានទៅលើកីឡាការិនីជនជាតិសិង្ហបុរី ពាក់ស្លាកលេខ៤៤៣៧ ឈ្មោះ វីវី អានតាំង ប្រើថេរវេលា ១ម៉ោង២៨នាទី ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការីជនជាតិកាណាដា និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡា ការីជនជាតិអាម៉េរិក ៕

/

/

/

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល