ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី៤ ឧសភា សប្តាហ៍កន្លងទៅនេះ បានអោយដឹងថា យុវសិស្សវ័យ ២១ ឆ្នាំម្នាក់ ឈ្មោះ Shane Allen ត្រូវបានក្រុមមន្ត្រីជំនាញធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីគេបានយកសត្វក្រពើកំណា ចមួយក្បាលចូលទៅអាគារសិក្សារបស់ខ្លួននៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក។

លើសពីនេះ ប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់បន្ថែម អោយដឹងផងដែរថាទន្ទឹមនឹងការរកឃើញសត្វក្រពើពិការជើងម្ខាងមួយក្បាលនេះ ក្រុមមន្ត្រីប៉ូលីសក៏បានរកឃើញនូវវេជ្ជបញ្ជាថ្នាំកញ្ឆាផងដែរ នៅក្នុងឡានជនជាប់ចោទវ័យ ២១ ឆ្នាំរូបនោះ។ យ៉ាងណាមិញ បើយោងតាមអ្នកនាំពាក្យមកពីវិទ្យាល័យវិញ ក៏បានអះអាងបន្ថែមពីលើនេះផងដែរថា បើតាមការប៉ាន់ស្មាន មូលហេតុដែលនាំអោយ Allen នាំយកក្រពើមួយក្បាលនោះចូលវិទ្យាល័យ វាអាចជាផ្នែកមួយនៃការធ្វើបទបង្ហាញ តែការលើកឡើងនេះ មិនទាន់មានភាពប្រាកដប្រជានៅឡើយនោះទេ។
គួររំឭកផងដែរថា យុវសិស្សរូបនេះ ក៏កំពុងតែរងការចោទប្រកាន់ទាក់ទិននឹងគ្រឿងញៀន ហើយគេអាចប្រឈមមុខនឹងការចោទប្រកាន់ពីលើនេះទៀត ខណៈពេលដែលលោក មិនមានអាជ្ញាប័ណ្ណផ្លូវការណាមួយ ស្តីពីការរក្សាទុកនូវសត្វកម្រមួយនេះដោយស្របច្បាប់ ស្របពេលដែលជនជាប់ចោទបានបញ្ជាក់ថា ក្រពើនេះ គេបានខ្ចីពីមិត្តភក្កិតែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ spy