ចំនួន ១៣ថ្ងៃ ក្រោយពីត្រូវបានអ្នកផ្ទះធ្វើពិធីបុណ្យបញ្ចុះសព ស្ដ្រីដែលត្រូវបានគេជឿថា បានស្លាប់នោះ បែរជាត្រូវគេប្រទះឃើញស្ថិតនៅក្នុងមន្ទីរពេទ្យវិកលចរឹតទៅវិញ។

/អ្នកស្រី Sharolyn Jackson កាលនៅក្មេង។ រូប ៖ Huffington Post

ទំព័រសារ​ព័ត៌មាន​ news12 និង CBSPhilly KYW  បានរាយការណ៍អំពីរឿងហេតុដ៏ចម្លែករបស់អ្នកស្រី Sharolyn Jackson ដែល​មាន​អាយុ ៥០ឆ្នាំ ឱ្យដឹងថា កាលពីដើមឆ្នាំ ២០១៣ នេះ អ្នកស្រី Sharolyn Jackson ត្រូវបានគេប្រកាសថាបានបាត់ខ្លួនពីផ្ទះរបស់អ្នកស្រី នៅភាគខាងលិចតំបន់ Philadelphia អាមេរិក។ ក្រុមមន្ដ្រីមានសមត្ថកិច្ច បានរកឃើញសាកសពមួយដែលមានភិនភាគស្រដៀងនឹងរូបរាងមុខមាត់របស់ Sharolyn Jackson ហើយសាកសពនេះ ត្រូវបានមនុស្សពីរនាក់ ក្នុងនោះមានកូនប្រុសម្នាក់របស់ Sharolyn Jackson បានទទួលស្គាល់ថា សាកសពនេះគឺជាម្ដាយរបស់ខ្លួន។

យោងតាមកាសែតក្នុងស្រុក អ្នកស្រី Sharolyn Jackson បាន “ស្លាប់” កាលពីថ្ងៃទី ២០កក្កដា មកដល់ថ្ងៃទី ៣ ខែសីហា គ្រួសារបស់អ្នកស្រីក៏បានធ្វើពិធីបុណ្យបញ្ចុះសព។ ប៉ុន្ដែ កាលពីថ្ងៃទី ១៦សីហាកន្លងទៅ ស្ដ្រីដែលបានស្លាប់ គឺអ្នកស្រី Sharolyn Jackson ត្រូវគេប្រទះឃើញស្ថិតនៅក្នុងមន្ទីរពេទ្យវិកលចរឹត។ទំព័រ Huffington Post  បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ថាតើការពិតអ្នកណាជាអ្នកនៅក្នុងផ្នូរនោះ។ អ្នកនាំពាក្យមន្ទីរសុខាភិបាល Philadelphia លោក James Garrow ឱ្យដឹងថា ៖ “បច្ចុប្បន្ន ​យើងខ្ញុំកំពុងធ្វើការជាមួយក្រុមមេធាវីក្រុងដើម្បីធ្វើការជីកគាស់យកសាកសព​ដែលត្រូវបានបញ្ចុះនោះមកវិញ ទន្ទឹមនឹងនេះ ​ក៏បានសហការណ៍ជាមួយនគរបាលដើម្បីស្វែង​រកអត្ដសញ្ញាណពិតរបស់សាកសព” ។នេះមិនមែនជាករណីច្រឡំសាកសពជាលើកទីមួយនោះទេ កាលពីឆ្នាំទៅ Gilberto Araújo ដែលជាបុរសម្នាក់ នៅ Brazil ក៏ធ្លាប់ត្រូវបានគេប្រកាសថា បានស្លាប់ ប៉ុន្ដែ នៅក្នុងអំឡុងពេលនៃពិធីបុណ្យសពរបស់លោក ស្រាប់តែ Gilberto Araújo បង្ហាញខ្លួន ហើយនិយាយថា ៖ “ណែអ្នករាល់គ្នា ខ្ញុំមិនទាន់ស្លាប់ឯណា! មិនជឿ សាកក្ដិចទៅមើល”៕

ដោយ ៖ តារាប្រភព ៖ Huffington/ news12