គេនឹកស្មានថា @evleaks បានចូលនិវត្តន៍ជាស្ថាពរទៅហើយ ប៉ុន្ដែ ថ្មីៗនេះ កំពូលទំព័របង្ហើបពីព័ត៌មានបែកធ្លាយ ផ្នែកផលិតផលបច្ចេកវិទ្យានេះ បានបង្ហោះរូបភាពច្បាស់ដំបូង ស្ដីអំពី Nexus 6 ។

បើយោងទៅលើរូបថតបែកធ្លាយនេះ គេជឿថា ស៊ុមរបស់ម៉ាស៊ីន Nexus 6 នេះ នឹងត្រូវបានធ្វើឡើងអំពីលោហធាតុ ហើយវាត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈជ័រដែលកៀបពីខាងលើ និងខាងក្រោម នៅត្រង់ចំហៀងម៉ាស៊ីន ជួយឱ្យវាទទួលរលកសញ្ញាបានល្អ។ ទន្ទឹមនឹងនេះ Nexus 6 ក៏នឹងប្រើប្រាស់អ៊ីនធឺរហ្វេស Android L ដោយមានបណ្ដារូបសញ្ញា (icon) ដែលត្រូវបានរចនាថ្មីទាំងស្រុង បែប Google។
Google Nexus 6 នឹងមិនមែនផលិតដោយក្រុមហ៊ុន LG ដូច Nexus 4 និង Nexus 5 នោះទេ តែក្រុមហ៊ុនដែលត្រូវបាន Google ឱ្យទទួលខុសត្រូវផ្នែកផលិតលើនេះ គឺ Motorola ដូច្នេះ Nexus 6 ហាក់មានរូបរាង ស្រដៀងនឹងរចនាបទរបស់ Moto X 2013 ឬ Moto X 2014 ក៏ប៉ុន្ដែ ទូរស័ព្ទនេះ មានរូបរាងវែងជាង។
Google Nexus 6 មានអេក្រង់ 5.9 inch កម្រិតរីសូលូសឹន QHD ហើយនេះ ក៏នឹងជាហ្វាប្លេត (ស្មាតហ្វូនអេក្រង់ធំ) ដំបូងរបស់ស្រឡាយ Nexus ។ ចំណែកគ្រឿងម៉ាស៊ីនក្រៅពីនេះ រួមមាន ឈីប Snapdragon 805 កម្រិត 2.65GHz , RAM 3GB, កាមេរ៉ាក្រោយ 13MP មានបំពាក់ប្រព័ន្ធទប់ទល់នឹងភាពញ័រ OIS និងមានភ្លើង flash LED ចំនួន ២៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmaren/youtube