ព័ត៌មានអន្តរជាតិ ៖ មនុស្សរាប់សិបនាក់ ដែលនៅក្នុងនោះ រួមមានទាំងក្មេងតូចៗផងដែរបានជាប់គាំង នៅលើអាកាសដល់ទៅ ៤ ម៉ោង បន្ទាប់ពីឧបករណ៍ជិះលេងកំសាន្តកៅអីហោះមួយ នៅសុខៗលេងដំណើរការ និងបានជាប់ទ្រឹងនៅនឹងមួយកន្លែងតែម្តង នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។

គួរបញ្ជាក់ផងដែរថា ករណីគ្រោះឧបទ្ទេវហេតុ ចៃដន្យមួយនេះ បានកើតឡើងនៅក្នុងឧទ្យានជាតិ Chessington World of Adventures Resort មានទីតាំងស្ថិតនៅភាគនិរតី ប្រទេសអង់គ្លេស។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថាក្នុងករណីគ្រោះឧបទ្ទេវហេតុចៃដន្យមួយនេះ ពុំមាននរណាម្នាក់បានទទួលរងរបួសនោះទេ។

យ៉ាងណាមិញ ខណៈពេលដែលបានកើតមាននូវករណីដ៏កម្រមួយនេះហើយ ភ្លាមៗនោះក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញមកពីអង្គភាពពន្លត់អគ្គីភ័យ ដោយសហការជាមួយនឹងក្រុមជួយសង្គ្រោះផ្នែកសេវាកម្ម ដោយបានដាក់ពួកគេចុះដោយសុវត្ថិភាព។

គួររំឭកផងដែរថា ទម្រាំតែមានការជួយអន្តរាគមន៍ ដោយបានដាក់ពួកគេចុះមកដីដោយសុវត្ថិភាពនោះ ពួកគេត្រូវរង់ចាំដល់ទៅ៤ម៉ោង ខណៈពេលដែលបានជាប់គាំងនៅទីនោះកម្ពស់ប្រមាណជាង ៦ ម៉ែត្រ ។ ដោយឡែក បើតាមប្រភពដដែលអះអាងបន្ថែមថា មូលហេតុដែលបានធ្វើអោយឧបករណ៍ជិះលេងកំសាន្ត កៅអីហោះមួយនេះ នៅសុខៗស្រាប់តែជាប់គាំង លែងដំណើរការនោះ ក៏ព្រោះតែបណ្តាលមកពីបញ្ហាបច្ចេកទេស៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ