វីដេអូបែកធ្លាយនៅលើអ៊ីនធឺរណែត បង្ហើបឱ្យដឹងអំពីម៉ូដែល iPhone ចំនួន២ ដែលមានរូបរាងដូច iPhone 7 និង iPhone 7 Plus ប៉ុន្តែ វាមានពណ៌សរលើប (Jet White)។

/

Sonny Dickson (អ្នកដែលធ្លាប់បានបញ្ចេញព័ត៌មានពិតអំពីបណ្ដាឧបករណ៍មិនទាន់បង្ហាញខ្លួនរបស់ Apple) ទើបតែបានបង្ហោះវីដេអូខ្លីមួយ ក្នុងនោះមានវត្តមានរបស់ស្មាតហ្វូនពីរម៉ូដែល ដែលត្រូវបានគេជឿថា ជា iPhone 7 និង iPhone 7 Plus។ បើទោះជាមានរូបរាងប្រហាក់ប្រហែលនឹង iPhone បច្ចុប្បន្ន ប៉ុន្តែ ម៉ូដែលទាំងពីរនេះ មានពណ៌សរលើប ដែលមិនធ្លាប់មាននៅលើ iPhone 7 ។

ក៏ប៉ុន្តែ រូបភាពស្ដីអំពីកំណែពណ៌ថ្មីរបស់ iPhone 7 នេះ ធ្វើឱ្យមានមន្ទិលសង្ស័យ នៅពេល iPhone 7 នេះ មិនមានឡូហ្គូផ្លែប៉ោម ឬឈ្មោះម៉ូដែលមិនត្រូវបានសរសេរនៅលើខ្នង។

យ៉ាងនេះក្ដី ទំព័រ Phonearena បានសន្និដ្ឋានថា ការដែល Apple បញ្ចេញកំណែពណ៌ស គឺមិនមែនគ្មានមូលដ្ឋាននោះទេ ព្រោះព័ត៌មាននេះ ធ្លាប់ត្រូវបានបង្ហើបឱ្យដឹងកាលពីខែមុន។ ទំព័រ Mac Otakara របស់ជប៉ុន យល់ថា Apple នឹងបញ្ចេញ iPhone 7 ពណ៌សនៅចុងឆ្នាំ ២០១៦ ឬដើមឆ្នាំ ២០១៧ ដើម្បីជម្រុញឱ្យមានការទិញដូរច្រើន។

ទំព័រ Mac Otakara បន្តថា iPhone 7 ទាំងពីរម៉ូដែល មិនបានបន្ថែមមុខងារច្រើន បើធៀបនឹងកំណែមុន ដូច្នេះ Apple ត្រូវរកវិធីទាក់ទាញអតិថិជនដោយពណ៌ថ្មី ដូចជាពណ៌ Jet Black នៅលើ iPhone 7 ឬបណ្ដាកំណែមុនៗ ដូចជា iPhone 5s ពណ៌មាស និង iPhone 6 ពណ៌ rose gold ជាដើម។ល។

ប្រែសម្រួល ៖ តារាប្រភព ៖ Phonearena