ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស china.org ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា ស្ដ្រីជាប្រពន្ធ និងកូនចំនួន ២ នាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងផ្ទះ ដោយសារអគ្គីភ័យ បន្ទាប់ពីបុរសជាស្វាមីបានចាក់សោរជាប់ពីខាងក្រៅ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលបណ្តាលអោយកើតមានអគ្គីភ័យនេះឡើង ក៏ដោយសារតែជម្លោះរវាងប្តីប្រពន្ធមូយគូ ខណៈពេលដែលបុរសជាស្វាមីមានចិត្តខឹងខ្លាំងហើយនោះ ក៏គំរាមដុតផ្ទះ ស្របពេលដែលមួយរំពេចក្រោយមក បុរសជាស្វាមីបានក្រវែងនូវចង្កៀងប្រេងកាតទៅលើគ្រែដេក រួចហើយក៏បានចេញទៅក្រៅបាត់ ដោយបានចាក់សោរពីខាងក្រៅ ភ្លាមៗនោះអគ្គីភ័យក៏បានឆាបឆេះតែម្តង។
របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា អគ្គីភ័យមួយនេះ បានឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងដែលភាគច្រើនសង់អំពីឈើ ខណៈពេលដែលផ្ទះចំនួន ៧ ខ្នងត្រូវបានឆេះខ្ទេចមុនពេលក្រុមពន្លត់អគ្គីភ័យបានមកដល់ និងរំលត់វាជាស្ថាពរ៕
ដោយ ៖ រិទ្ធីប្រភព ៖ china.org