ទូរស័ព្ទឆ្លាតវៃរបស់ Google នឹងមានកាមេរ៉ាចំនួន ៤ ដើម្បីអាចគូរផែនទី 3D នៃទិដ្ឋភាពនៅជុំវិញវា នេះបើតាមព័ត៌មាននៅលើគេហទំព័រជំនួយរបស់ Chrome ។
Google មិនត្រឹមតែកំពុងកាន់កាប់ក្នុងដៃនូវប័ណ្ណប៉ាតង់របស់ Motorola ក្នុងកិច្ចព្រមព្រៀងជាមួយ Lenovo ប៉ុណ្ណោះទេ តែក៏កំពុងគ្រប់គ្រងបណ្ដាគម្រោង និងបច្ចេកវិទ្យាទំនើប ATAP ផងដែរ។ ថ្មីៗនេះ ATAP បានឧទ្ទេសនាមស្រឡាយទូរស័ព្ទមួយ ដែលគេហៅថា Project Tango សម្រាប់ក្រុមអ្នកអភិវឌ្ឍ។តាមរយៈការឧទ្ទេសនាមនេះ Project Tango នឹងត្រូវបានបំពាក់កាមេរ៉ាក្រោយ ៤ megapixel ។ ប៉ុន្ដែ ប្រការដែលគួរឱ្យចាប់អារម្មណ៍ នោះគឺ ឡែនកាមេរ៉ា មួយចំនួន ត្រូវបានបំពាក់បន្ថែម ដែល អ្នកមិនធ្លាប់បានឃើញនៅលើបណ្ដាទូរស័ព្ទដទៃ ដែលប្រើ Android ។ ជាក់ស្ដែងគឺមាន កាមេរ៉ាប្រភេទភ្នែកត្រី ១៨០អង្សា កាមេរ៉ាមុខ ១២០អង្សា និងកាមេរ៉ាមួយផ្សេងទៀត។ ក្រៅពីនេះ Project Tango ក៏ត្រូវបានបំពាក់សេនសឺរ 3D ដូចទៅនឹង Kinect របស់ Microsoft រួមនឹងសមត្ថភាពបង្កើតឡើងវិញនូវផែនទី 3D ដ៏គួរឱ្យភ្ញាក់ផ្អើល។Project Tango ត្រូវបានបង្កើតឡើង ដោយការបង្កើតផែនទីរបស់ Google និងគំនិតស្ដីអំពី Street View ជាមួយនឹងកម្រិតល្អិតជាងនេះ។ គម្រោងដែលប្រកបដោយមហិច្ឆតានេះ ត្រូវបានលើកឡើង ក្នុងបំណង “អធិប្បាយ” អំពីទិដ្ឋភាពបែប 3D នៅជុំវិញអ្នកប្រើប្រាស់ឧបករណ៍ Android នៅក្នុងអេក្រង់តែមួយ ដែលមានទំហំប្រហែល ៥ inch ។ ទោះជាស្ថិតក្នុងដំណាក់កាលពិសោធសាកល្បង ប៉ុន្ដែភាពប្រាកដនិយមរបស់ស្មាតហ្វូន Project Tango ក្នុងពេលបច្ចុប្បន្ន អាចត្រូវបានគេវាយតម្លៃខ្ពស់។
កាលពីថ្ងៃទី ១៤មិនាកន្លងទៅ Google បានផលិត Project Tango សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ដើម្បីប្រើសាកល្បង ហើយគេសង្ឃឹមថា ផលិតផលនេះ នឹងបង្ហាញខ្លួនក្នុងទីផ្សារ នៅពេលដ៏ខ្លីខាងមុខ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNet/Youtube/Gen