បន្ទាប់ពីការបង្ហាញខ្លួននៃរ៉ូបមួយដែលមានពណ៌ខៀវ ខ្មៅ ស បណ្ដា​ស្រមោលដែលកើតឡើងដោយសារភ្នែក ត្រូវបានគេ​យកចិត្តទុកដាក់ជាខ្លាំង ពិសេសគឺអ្នកលេងអ៊ីនធឺរណែត។ ថ្មីៗនេះ​ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលេកបន្តគ្នានូវរូបភាពមួយ​ដែលធ្វើឱ្យអ្នកទស្សនាគិតថា ភ្នែករបស់ខ្លួនមានបញ្ហា។

/

នេះគឺជា​រូបថត​បង្កស្រមោលមួយដែលមិនមែនថ្មីប៉ុន្មាន ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអ្នកវិទ្យា​សាស្ដ្រ ទើបតែលើកឡើងនូវបំណកស្រាយជាក់លាក់សម្រាប់ករណីនេះ។

រូបថតនេះ រួមមានពីរផ្នែក ចំហៀងខាងឆ្វេងគឺជារូបរបស់នារីម្នាក់ដែលត្រូវបានបំលែងទៅជាប្រភេទរូបភាពអវិជ្ជមាន (negative image)ចំណែកចំហៀងខាងស្ដាំគឺជាផ្ទាំងពណ៌ ស ។

ដើម្បីទទួលបានបទពិសោធនៃរូបភាពបង្កស្រមោលនេះ​ ទស្សនិកជនត្រូវផ្ដោតអារម្មណ៍ មើលទៅលើចំនុចតូចពណ៌ ស នៅលើច្រមុះនារីម្នាក់នោះ ក្នុងរយៈពេល ១៥វិនាទី ទើបងាកទៅមើលរូបភាពខាងស្ដាំ។ ស្រមោលដ៏អស្ចារ្យមួយនឹងបង្ហាញខ្លួន!

តើអ្នកបានឃើញរូបភាពស្រមោលអ្វីមួយហើយ ឬនៅ? អ្នកប្រហែលជាបានឃើញស្រមោលស្រីស្អាតម្នាក់ នៅលើផ្ទាំង​ពណ៌ ស ដែលនៅចំហៀងខាងស្ដាំនៃរូបថត។ វាអស្ចារ្យណាស់ មែនទេ? ហេតុអ្វីបានជាមានស្រមោលបែបនេះ?

អ្នកវិទ្យាសាស្ត្រ បានបកស្រាយថា នេះគឺជារូបស្រមោលនៃចក្ខុវិញ្ញាណ ដែលកើតឡើងពីសកម្មភាពរបស់កោសិកាកូនកណ្ដុរក្នងភ្នែក។ កោសិកាទាំងនេះ មានមុខងារកំណត់ និងធ្វើអ៊ិនកូដ (encode)នូវបណ្ដាពណ៌បំពេញបន្ថែម ជាមួយនឹង​បណ្ដាពណ៌ដែលមានស្រាប់នៅក្នុងរូបថត រួចបញ្ជូនទិន្នន័យនេះទៅកាន់ខួរក្បាល។

បណ្ឌិត Juno Kim មកពីសកលវិទ្យាល័យអូស្ដ្រាលី បានឱ្យដឹងថា ការធ្វើអ៊ិនកូដនេះ អាចអនុវត្តចំពោះបណ្ដា​ពណ៌ដែលមនុស្សអាចមើលឃើញក្នុងវិសាលគមពន្លឺ។​ ក្រោយពីកោសិកាភ្នែកបានធ្វើអ៊ិនកូដ បណ្ដាសញ្ញាសរសៃប្រសាទនឹងត្រូវបានបញ្ជូនទៅកាន់ខួរក្បាល តាមរយៈវិញ្ញាណ neuron ចំនួន ៣។

នៅពេលយើងផ្ដោតអារម្មណ៍មើលអ្វីមួយយូរ នោះសកម្មភាពរបស់​កោសិកានៃកូនកណ្ដុរភ្នែក​បែរទៅជាមានលក្ខណៈខ្លាំងក្លា។ ប៉ុន្តែ មួយរយៈពេលខ្លីក្រោយមក វានឹងចុះខ្សោយមកវិញ។ ឧទារហណ៍ នៅពេលអ្នកមើលទៅលើរបស់អ្វីមួយដែលមានពណ៌ក្រហម​ក្នុងរយៈពេលយូរ បណ្ដា​កោសិកាដែលមានមុខងារជួយមើលដឹងពណ៌ក្រហមនឹងចុះខ្សោយ ពេលនោះ កោសិកា ភ្នែកនឹងធ្វើឱ្យពណ៌បំពេញបន្ថែមរបស់ពណ៌ក្រហម គឺពណ៌បៃតង ប្រែទៅជាមានសភាពខ្លាំងក្លា។

ក្នងករណីរូបថតខាងលើ បណ្ដាកោសិកាដែលមើលឃើញពណ៌ក្នុងរូបថតអវិជ្ជមាន នឹងចុះខ្សោយ បណ្ដាលឱ្យបណ្ដាពណ៌បំពេញបន្ថែមរបស់វា បង្ហាញខ្លួនច្បាស់ជាងមុន ហើយប្រសិនសម្លឹងមើលទៅផ្ទាំងពណ៌ ស យើងនឹងឃើញរូបមួយដែលមានពណ៌ត្រូវនឹងពណ៌ពិតរបស់វា៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail