ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា គូស្នេហ៍ថ្មីថ្មោង ទើបតែបានរៀបការជាមួយនឹងគ្នា បានសម្រេចចិត្តទៅក្រេបទឹកឃ្មុំ នៅឯកោះ Reunion មហាសមុទ្រឥណ្ឌា តែអ្វីដែលជាអកុសលនោះគឺថា អំឡុងពេលនៃដំណើរកំសាន្តទៅក្រេបទឹកឃ្មុំ បុរសជាស្វាមី ត្រូវបានឆ្លាមកំណាចវាយប្រហារ    រហូតដល់ស្លាប់បាត់បង់ជីវិត  ខណៈពេលដែលភរិយារបស់ខ្លួន  ក៏កំពុងតែគេងហាលថ្ងៃ នៅលើឆ្នេរសមុទ្រ មានចម្ងាយមិនជាឆ្ងាយនោះទេ ពីស្វាមីរបស់ខ្លួន។

width=431

ប្រភពសារព័ត៌មានដដែលបន្ថែមថា គូស្នេហ៍ថ្មីថ្មោង ដែលជាជនរងគ្រោះទាំងពីរនាក់នេះពួកគេគឺជាពលរដ្ឋមកពីស្រុក Morteau ភាគខាងកើតប្រទេសបារាំង។ ជាការពិត បន្ទាប់ពីក្រុមមនុស្សដែលជាអ្នកធ្វើដំណើរទេសចរណ៍ បានឃើញបុរសជាជនរងគ្រោះ វ័យ ៣៥ឆ្នាំ មានការវាយប្រហារហើយនោះ  គេក៏បានស្រែកហៅជំនួយ រំពេចនោះ  ឆ្មាំឆ្នេរសមុទ្រក៏បានស្ទុះទៅជួយស្រង់គាត់ចេញពីផ្ទៃទឹក។ តែជាអកុសល ដោយហេតុតែគាត់ត្រូវបានវាយប្រហារខ្លាំង ដោយហូរឈាមខ្លាំងពេក គាត់ក៏បានស្លាប់បាត់បង់ជីវិតតែម្តង។

គួររំឭកផងដែរថា សោកនាដកម្ម នៃការវាយប្រហារពីសំណាក់ឆ្លាមសមុទ្រ  នៅលើកោះមួយនេះ បានសម្លាប់ជីវិតមនុស្ស ៣ នាក់ហើយ ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖​ ដឹមីរ័រ