នារីម្នាក់អាយុ ១៩ឆ្នាំ ជាជនជាតិចិន បានឃោសនានៅលើបណ្ដាញសង្គមដើម្បីលក់ខ្លួនឱ្យអ្នកណាដែលជួយចេញប្រាក់ព្យាបាលជម្ងឺម្ដាយរបស់នាង។

/

នារីខាងលើនេះមានឈ្មោះថា Cao Mengyuan ។ នាងបានឱ្យដឹងថា ម្ដាយរបស់នាងមានជម្ងឺ និងត្រូវការប្រាក់ចំនួន ៣៥០.០០០យ័ន (ប្រហែល ៥១.១២២ដុល្លារ) ដើម្បីព្យាបាលជម្ងឺ ដូច្នេះ អ្នកណាក៏ដោយ ឱ្យតែចេញប្រាក់ឱ្យនាង នោះនឹងមានសិទ្ធិ “ប្រើប្រាស់ប្រាណរបស់នាងតាមត្រូវការ”។

នៅក្នុងការឃោសនារបស់ខ្លួន នាង Cao Mengyuan បានឱ្យដឹងថា នាងកើត និងធំឡើងនៅក្នុងគ្រួសារក្រីក្រមួយនៅក្នុងក្រុង Gaozhou ភាគខាងត្បូងប្រទេសចិន។ ម្ដាយរបស់នាងដែលមានអាយុ ៤៥ឆ្នាំ ត្រូវគ្រូពេទ្យពិនិត្យឃើញថា មានជម្ងឺមហារីកស្បែក ហើយបច្ចុប្បន្ន កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។

/

Cao Mengyuan ឱ្យដឹងថា បច្ចុប្បន្ន ស្ថានភាពជម្ងឺរបស់ម្ដាយនាង កាន់តែធ្ងន់ធ្ងរទៅៗ។ ជាគ្រួសារក្រីក្រ និងមិនមានធានារ៉ាបរង ដូច្នេះ គ្រួសារនាងមិនមានប្រាក់គ្រប់គ្រាន់ដើម្បីព្យាបាលម្ដាយរបស់នាង។

នារីនេះបន្តថា នាងគឺជាកូនស្រីច្បងក្នុងចំណោមកូនទាំង៥នាក់ ដូច្នេះ នាងមានភារកិច្ចដោះស្រាយបញ្ហាដែលគ្រួសារកំពុងជួបប្រទះ។

Cao Mengyuan បង្ហោះនៅលើបណ្ដាញសង្គមថា “ខ្ញុំកំពុងតែឃោសនាផ្សាយលក់ខ្លួន។ ខ្ញុំស្រមៃចង់ជួបមនុស្សម្នាក់ដែលមានចិត្តធម៌ អាចទិញខ្ញុំ ដើម្បីម្ដាយខ្ញុំមានប្រាក់ព្យាបាលជម្ងឺ”។

Cao Mengyuan បន្ថែមថា “បន្ទាប់ពីបានទិញដូរ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើអ្វីៗទាំងអស់ទៅតាមបំណងរបស់អ្នកទិញ ដោយមិនត្អូញត្អែរអ្វីទាំងអស់។ អ្វីដែលខ្ញុំនិយាយគឺជាការពិត ហើយខ្ញុំនឹងលក់ខ្លួនទៅឱ្យអ្នកដែលផ្ដល់ប្រាក់ខ្ពស់បំផុត”។

/

ប្រភពព័ត៌មានឱ្យដឹងថា Cao Mengyuan បានឈប់រៀន ដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារ ហើយបច្ចុប្បន្ន នាងធ្វើការតាមបែបសេរី។ ប្រាក់ដែលនាងអាចរកបានក្នុងមួយខែត្រឹមតែប្រហែល ១៤៦ដុល្លារប៉ុណ្ណោះ។ នាងត្រូវចិញ្ចឹមប្អូនៗដែលកំពុងសិក្សា ព្រមទាំងឪពុកដែលមានវ័យចំណាស់។

បន្ទាប់ពីរឿងរ៉ាវស្ដីអំពីជីវិតរបស់នាង ត្រូវបានចុះផ្សាយនៅតាមបណ្ដាសារព័ត៌មាន គណនីបណ្ដាញសង្គមរបស់នាង ពោរពេញទៅដោយការបញ្ចេញមតិ ក្នុងនោះភាគច្រើន អ្នករាល់គ្នាមានការអាណិតអាសូរដល់នាង។

អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ បញ្ចេញមតិថា “ខ្ញុំក៏នឹងធ្វើដូចនាង បើសិនខ្ញុំគឺជានាង”។

អ្នកលេងអ៊ីនធឺរណែតម្នាក់ទៀត សរសេរថា “កូនអ្នកមានខ្លះ ចំណាយប្រាក់ ៣៥០.០០០យ័នរៀងរាល់ខែ ស្មើនឹងទ្រព្យសរុបរបស់គ្រួសារអ្នកក្រ”។

/

អំពើរបស់ Cao Mengyuan បានទទួលផលដូចក្ដីប្រាថ្នា។ យោងតាម Huang Qiliang ស្ថាបនិករបស់អង្គការមនុស្សធម៌ Gong Yi Pai Ke របស់ចិន បានទៅសួរសុខទុក្ខម្ដាយរបស់ Cao Mengyuan នៅមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ បានឱ្យដឹងថា មានមនុស្សម្នាក់សុំមិនបញ្ចេញ ឈ្មោះ បានយល់ព្រមចេញប្រាក់ទាំងអស់ក្នុងការព្យាបាលជម្ងឺម្ដាយរបស់នាង។

Huang Qiliang បានឱ្យដឹងថា “បញ្ហាទាំងអស់ត្រូវបានដោះស្រាយ។ ពេលនេះ នាងមិនចាំបាច់លក់អ្វីទាំងអស់”។

/

តាមគម្រោង ម្ដាយរបស់ Cao Mengyuan នឹងត្រូវបានវះកាត់ក្នុងពេលដ៏ខ្លីខាងមុខ។ បាន Cao Mengyuan បានសំដែងការដឹងគុណជាអនេកចំពោះអ្នកមានគុណដែលបានជួយដល់គ្រួសារនាង។ Cao Mengyuan ប្រាថ្នាចង់ឃើញមុខអ្នកមានគុណដើម្បីអាចនិយាយពាក្យថា “អរគុណ”៕

ប្រែសម្រួល ៖ តារាប្រភព ៖ Dailymail