មនុស្សជាច្រើនមានទម្លាប់បិទភ្លើង រួចលេងទូរស័ព្ទមុនពេលចូលគេង ប្រការនេះ ប៉ះពាល់ជាខ្លាំងដល់សុខភាពភ្នែក។

ការប្រើប្រាស់ស្មាតហ្វូនក្នុងបន្ទប់ងងឹត ប៉ះពាល់ផ្ទាល់ដល់ភ្នែករបស់អ្នក។ បញ្ហានេះ​ត្រូវបានក្រុមអ្នកឯកទេស ប្រកាសនៅលើទំព័រ England Journal of Medicine ។

/

ទំព័រ​ខាងលើ បានចុះផ្សាយថា ស្ដ្រីពីរនាក់ ជួបនឹងបញ្ហាភ្នែក មើលមិនបានឆ្ងាយ បើទោះករណី​នេះ មិនបានបង្ហាញច្បាស់នៅលើលទ្ធផលផ្នែកវេជ្ជសាស្ដ្រ។ រឿងរ៉ាវ​បានចាប់ផ្ដើមត្រូវបំភ្លឺ នៅពេលវេជ្ជបណ្ឌិត Gordon Plant នៃមន្ទីរពេទ្យភ្នែក Moorfield ដាក់សំនួរថា “តើស្ដ្រីទាំងនេះ កំពុងធ្វើអ្វី មុនពេលខ្លួនជួបបញ្ហាភ្នែកបែបនេះ?”។

ចម្លើយសម្រាប់សំនួរខាងលើនោះគឺ “ការប្រើប្រាស់ស្មាតហ្វូនក្នុងបន្ទប់ងងឹត”។ ស្ដ្រីទាំងពីររូបខាងលើ តែងតែមានទម្លាប់បិទភ្លើង រួចលេងស្មាតហ្វូន។ ក្នុងការ​លេងទូរស័ព្ទ ពួកគេបានបិទភ្នែកម្ខាង ទុកតែម្ខាង។

ប្រការខាងលើនេះ បាននាំឱ្យគ្រាប់ភ្នែកទាំងពីរទទួលពន្លឺខុសគ្នា ដោយម្ខាងស៊ាំនឹងទីងងឹត ហើយម្ខាងទៀតស៊ាំនឹងពន្លឺខ្លាំង។ នៅពេលបើកភ្នែកទាំងពីរ គេឃើញថា ម្ខាងស្រវាងខ្លាំង រឿងនេះ​​ក៏​បញ្ជាក់ថា ភ្នែកចាប់ផ្ដើមមានបញ្ហា។

នៅពេលទម្លាប់អាក្រក់ខាងលើ ត្រូវបានធ្វើឡើងក្នុងរយៈពេលយូរ វាអាចនឹងនាំឱ្យមានបញ្ហាភ្នែក ឬអាចពិការភ្នែកម្ខាងក៏ថាបាន។

ដូច្នេះ ដើម្បីការពារភ្នែក អ្នកត្រូវតែបើកភ្លើងបន្ទប់ ពេលប្រើទូរស័ព្ទ។ ចូរកុំធ្វើដូចករណីដែលបានរៀបរាប់ខាងលើ។

ប្រែសម្រួល ៖ បុត្រា