ចិន ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស chinadaily ដែលទើបតែបាន ចេញផ្សាយអត្ថបទរបស់ខ្លួនអោយដឹងថា ចំនួនជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ក្រោយជួបឧបទ្ទេវហេតុ បាក់រលំអាគារកាលពីថ្ងៃអង្គារម្សិលមិញនេះ បានកើនឡើងដល់ ១១ នាក់ហើយ។
មនុស្ស ២០ នាក់ ត្រូវបានកប់ក្រោមគំនរបាក់បែក នៃសំណង់អាគារបាក់រលំកំពស់បីជាន់ មួយនេះ ដែលបានកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ នាវេលាម៉ោងប្រមាណជាង ៧ និង ២៦ នាទីព្រឹក ក្នុងក្រុង Suzhou បន្ទាប់ពីមានការផ្ទុះនៅឯជាន់ទីមួយ ដែលផ្តើម ចេញពីអាហារដ្ឋានតូច (canteen) ។ ប្រភពសារព័ត៌មានដដែលបន្ថែមថា មនុស្ស ១១ នាក់បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ខណៈពេលដែល ៩ នាក់ផ្សេងទៀត ក៏កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យពីរផ្សេងគ្នា។

គួរបញ្ជាក់ផងដែរថា សំណង់អាគារកំពស់ ៣ ជាន់មួយនេះ គឺជាកម្មសិទ្ធក្រុមហ៊ុនហ្គាស Suzhou Gas Group Co Ltd ។ យ៉ាងណាមិញ បើយោងតាមការតាមដានស៊ើបអង្កេត ជំហានដំបូងអោយដឹង មូលហេតុដែលនាំអោយ មានការផ្ទុះចេញពីអាហារដ្ឋាននាជាន់ ទីមួយនេះ គឺបណ្តាលមកពី ការលេចធ្លាយហ្គាស ដែលជាហេតុធ្វើអោយសំណង់អាគារ កំពស់ ៣ ជាន់នេះ ដួលរលំ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily