ស្ដ្រីម្នាក់រស់នៅក្នុងប្រទេស Ireland បានដាក់ពាក្យឡើងទៅតុលាការដើម្បីបានប្ដូរឈ្មោះទៅជា Donald Trump ដែលជាឈ្មោះរបស់ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត ដើម្បីបង្កការចាប់អារម្មណ៍ ក្នុងបំណងស្វែងរកជំនួយដើម្បីព្យាបាលជម្ងឺឱ្យប្ដី។

Helen Mcdonnell អាយុ ៥៧ឆ្នាំ រស់នៅក្នុងទីរួមស្រុក Kiltimagh (Ireland) កំពុងតែស្វែងរកប្រាក់ដើម្បីព្យាបាលជម្ងឺឱ្យប្ដីរបស់ខ្លួនគឺ Peter អាយុ ៥៨ឆ្នាំ បច្ចុប្បន្នមានជម្ងឺសួតដំណាក់កាលចុងក្រោយ។ ដើម្បីបង្កការចាប់អារម្មណ៍ពីសំណាក់មនុស្សទូទៅ Helen បានសម្រេចចិត្តប្ដូរឈ្មោះទៅជា Donald Trump។មុនពេលបោះឆ្នោតនៅអាមេរិក លោកយាយ Helen បានចែករំលែកនៅលើបណ្ដាសង្គមថា ៖ “ខ្ញុំនឹងប្ដូរឈ្មោះផ្លូវការរបស់ខ្លួន ទៅជា Donald Trump ឬ Hillary Clinton អាស្រ័យលើការជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលធ្វើឡើងនៅថ្ងៃទី ៨វិច្ឆិកា ដើម្បីបង្កើតមូលនិធីសង្គ្រោះជីវិតប្ដី”។
បន្ទាប់ពីលោក Donald Trump ត្រូវបានសភាជ្រើសរើសជាប្រធានាធិបតីអាមេរិក លោកយាយ Helen ក៏បានដាក់ពាក្យឡើងតុលាការដើម្បីសុំប្ដូរឈ្មោះទៅជា Donald Trump ។ ក្រោយមក
តុលាការក៏បានយល់ព្រម។ ពេលនេះ លោកយាយ Helen មានឈ្មោះជាផ្លូវការថា Donald Trump។លោកយាយ Helen និងស្វាមី Peter រៀបការជាមួយគ្នាបាន ៣៤ឆ្នាំ។ លោកយាយ Helen បានឱ្យដឹងថា Peter គឺជាជីវិតរបស់លោកយាយ។ បន្ទាប់ពី Peter ជួបបញ្ហាពិបាកដកដង្ហើមចាប់ពីឆ្នាំ ២០១៣ លោកតារូបនេះ ត្រូវបានគ្រូពេទ្យពិនិត្យឃើញថា មានជម្ងឺសួតមួយប្រភេទនិងមិនទាន់មានថ្នាំណាអាចព្យាបាលបាន។

លោកយាយ Helen Mcdonnell អាយុ ៥៧ឆ្នាំ និងស្វាមី Peter អាយុ ៥៨ឆ្នាំ
វិធីតែមួយគាត់ដើម្បីជួយឱ្យលោកតា Peter រស់បានយូរ នោះគឺវះកាត់ដាក់សួតថ្មី។ តាំងពីកើតជម្ងឺនេះ លោកតា ត្រូវដកដង្ហើមដោយមានជំនួយពីម៉ាស៊ីនអុកស៊ីហ្សែន និងមិនអាចធ្វើអ្វីបានច្រើន។ គ្រួសារនេះ បានចំណាយប្រាក់កាសទាំងអស់របស់ខ្លួន ទៅលើការព្យាបាលជម្ងឺនេះ។
លោកយាយ Helen ឱ្យដឹងថា ការកើតគំនិតក្នុងការប្ដូរឈ្មោះនេះ គឺដើម្បីបង្កើតមូលនិធិសម្រាប់ព្យាបាលជម្ងឺ ក៏ដូចជាសង្ឃឹមថា នឹងមានអ្នកបរិចាគសួតមកឱ្យស្វាមី។ ការប្ដូរឈ្មោះនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីមនុស្សជាច្រើន៕
ប្រែសម្រួល ៖ តារាប្រភព ៖ weekendherald