បើទោះជាមិនទាន់បង្ហាញខ្លួនក្នុងទីផ្សារ ប៉ុន្តែ តម្លៃរបស់ iPhone 7 បានលេចចេញនៅលើបណ្ដាញសង្គមចិនរួចទៅហើយ។
ទោះបីស្មាតហ្វូន iPhone 7 របស់ Apple ត្រូវបានក្រុមអ្នកជំនាញព្យាករណ៍ថា នឹងមិនមានការផ្លាស់ប្ដូរច្រើន ប៉ុន្តែ ថ្មីៗនេះ តម្លៃរបស់ទូរស័ព្ទនេះ បានបង្ហាញខ្លួននៅពាស់ពេញបណ្ដាញសង្គមចិន ធ្វើឱ្យអ្នកគាំទ្រ iPhone មានការងឿងឆ្ងល់ជាខ្លាំង។

យោងតាមព័ត៌មានបែកធ្លាយ iPhone 7 ឆ្នាំនេះនឹងមានកំណែចំនួនបីសម្រាប់ជ្រើសរើស គឺ iPhone 7, iPhone 7 Plus និង iPhone 7 Pro ។ ក្នុងនោះ តម្លៃរបស់ iPhone 7 Pro ខ្ពស់ជាងគេ។
ចំនុចគួរចាប់អារម្មណ៍ជាងគេ គឺថា ចាប់ពីជំនាន់ iPhone 7 គេជឿថា Apple នឹងបំបាត់ចោលកំណែអង្គចងចាំ 16GB ហើយជំនួសមកវិញ ក្រុមហ៊ុននេះនឹងបន្ថែមកំណែ 256GB នេះបើតាមប្រភពព័ត៌មានពីចិន។
ជាក់ស្ដែង iPhone 7 នឹងមានកំណែអង្គចងចាំ 32 / 64 /128 GB។ ចំណែក iPhone 7 Plus និង iPhone 7 Pro នឹងមិនមានកំណែ 64GB ប៉ុន្តែវានឹងមានកំណែ 256GB។
ទាក់ទឹននេះតម្លៃលក់របស់ iPhone 7 / 7 Plus / 7 Pro ប្រភពព័ត៌មានពីចិន ឱ្យដឹងថា ៖
-iPhone 7 ៖ កំណែ 32GB តម្លៃ ៥.២៨៨ យ័ន (ប្រហែល ៨០៣ដុល្លារអាមេរិក)។ កំណែ 64GB តម្លៃ ៦.០៨៨យ័ន (ប្រហែល ៩២៥ដុល្លារ)។ កំណែ 256GB តម្លៃ ៧០៨៨យ័ន (ប្រហែល ១០៧៦ដុល្លារអាមេរិក)។
-iPhone 7 Plus ៖ កំណែ 32GB តម្លៃ ៦០៨៨យ័ន (ប្រហែល ៩២៥ដុល្លារ)។ កំណែ 128GB តម្លៃ ៦៨៨៨យ័ន (ប្រហែល ១០៤៦ដុល្លារ)។ កំណែ 256GB តម្លៃ ៧៨៨៨យ័ន (ប្រហែល ១១៩៨ដុល្លារ)។
-iPhone 7 Pro ៖ កំណែ 32GB តម្លៃ ៧០៨៨យ័ន (ប្រហែល ១០៧៦ដុល្លារ)។ កំណែ 128GB តម្លៃ ៧៨៨៨យ័ន (ប្រហែល ១១៩៨ដុល្លារ)។ កំណែ 256GB តម្លៃ ៨៨៨៨យ័ន (ប្រហែល ១៣៥០ដុល្លារអាមេរិក)។
បើគេប្រៀបធៀបតម្លៃរបស់ iPhone 6s និង iPhone 6s Plus ជាមួយនឹងតម្លៃរបស់ iPhone 7 និង iPhone 7 Plus នោះ វាហាក់មិនមានការប្រែប្រួលប៉ុន្មាននោះទេ។ ប៉ុន្តែ iPhone 7 Pro មានតម្លៃខ្ពស់ជាងគេបំផុត ពោលគឺប្រមាណជា ១៣៥០ដុល្លារអាមេរិក។
ប៉ុន្តែ គួរឱ្យស្ដាយ ក្រៅតែពីតម្លៃ ប្រភពព័ត៌មាន មិនបានបង្ហើបអំពីគ្រឿងម៉ាស៊ីនរបស់ស្មាតហ្វូន iPhone 7 Pro នោះឡើយ ហើយវានៅតែជាសំនួរមួយដែលសួរថា ហេតុអ្វីបានជា iPhone 7 Pro មានតម្លៃថ្លៃបែបនេះ?
ប្រែសម្រួល ៖ បុត្រា