អវកាសចរ ៣រូប កាលពីថ្ងៃទី ១០វិច្ឆិកា បានត្រឡប់ពីស្ថានីយអវកាសអន្ដរជាតិ មកកាន់ផែនដីដោយសុវត្ថិភាព ជាមួយនឹងសត្វរុយពិសោធ ដែលចាប់កំណើតក្នុងទីអវកាស បន្ទាប់ពីបេសកកម្មរយៈពេល ១៦៥ថ្ងៃ។

/

ពីឆ្វេងមកស្ដាំ ៖ Alexander Gerst, Maxim Suraev, Reid Wiseman

យានអវកាសដឹកក្រុមអវកាស​ចរ Expedition 41 បានចុះចតនៅក្នុងតំបន់មួយដែលមានចម្ងាយពីក្រុង Arkalykm របស់ប្រទេស​Kazakhstan ប្រហែល ៨០គីឡូម៉ែត្រ។ អវកាសយាន ៣រូបដែលបានវិលត្រឡប់មកកាន់ផែនដីលើកនេះ គឺលោក Maksim Surayev ជនជាតិរុស្ស៊ី Reid Wiseman របស់អាមេរិក និង AlexanderGerst មកពីទីភ្នាក់ងារអវកាសអឺរ៉ុប (ESA)។

/

ទិដ្ឋ​ភាព​នៃ​ការ​ចុះ​ចត​របស់​ក្រុម​អវកាស​ចរ

ក្នុងបេសកកម្មរយៈពេល ១៥៦ថ្ងៃនេះ ពួកគេបានហោះហើររយៈចម្ងាយជាង ១១២លានគីឡូម៉ែត្រ ព្រមទាំងបានធ្វើការពិសោធផ្នែកវិទ្យាសាស្ដ្រមួយចំនួន ក្នុងនោះ មានការពិសោធទៅលើការបន្តពូជរបស់សត្វរុយមួយប្រភេទ (Drosophila melanogaster) ក្នុងបំណងស្វែងយល់អំពីផល​ប៉ះពាល់របស់​បណ្ដាជើងហោះហើរក្នុងអវកាសរបស់មនុស្ស។

/

ទីភ្នាក់ងារសារព័ត៌មាន RT ឱ្យដឹងថា មុនពេលយានអវកាសចុះចត មនុស្សចំនួន ៣០០នាក់ ត្រូវបានគេប្រគល់តួនាទីកំណត់ទីតាំង និងនាំក្រុមអវកាសចរនេះ មកកាន់កន្លែងសុត្ថិភាព។ ឧទ្ធម្ភាគចក្រចំនួន ១៤គ្រឿង យន្ដហោះដឹកទំនិញ ១គ្រឿង និងមធ្យោបាយស្វែងរក ជួយសង្គ្រោះចំនួន ៦គ្រឿងទៀត ត្រូវបានគេប្រើប្រាស់ដើម្បីស្វែងរក និងទទួលក្រុមអវកាសចរខាងលើ។

/

ក្រោយពីទទួលការពិនិត្យសុខភាព អវកាសចរទាំង ៣រូបនេះ ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុង Kustanai ដើម្បីត្រឡប់ទៅប្រទេសរៀងៗខ្លួន។

/

គួររំលឹកថា យានអវកាសរុស្ស៊ី បានបញ្ជូនក្រុមអវកាសចរនេះ ឡើងទៅកាន់ស្ថានីយអវកាសអន្ដរជាតិ ដោយជោគជ័យ កាលពីថ្ងៃទី ៣០ឧសភា ឆ្នាំ ២០១៤។

/

ក្រុម​អវកាស​ចរ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរ​ជាតិ ថត​រូប​រួម​គ្នា ក្នុង​ស្ថាន​ភាព​គ្មាន​ទំនាញ​ផែន​ដី

នៅលើស្ថានីយអវកាស (ISS) ពួកគេបានផ្ដិតយករូបភាពផែនដី ដែលថតពីអវកាស និងការរស់នៅក្នុងបរិស្ថានគ្មានទំនាញផែនដី៕

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ RT/NASA