នេះជាលើកដំបូងហើយដែលរូបថតពិតស្ដីអំពី iPhone 7 ដែលមានអេក្រង់ 4,7 inch បង្ហាញខ្លួនជាមួយនឹងពីរម៉ូដែលពីរផ្សេងទៀត គឺ iPhone 7 Plus និង iPhone 7 Pro។

ថ្មីៗនេះ ទំព័រ Nowhereelse ទើបតែបានបង្ហោះរូបភាពពិតស្ដីអំពី iPhone 7 ជំនាន់ថ្មីដែលមិនទាន់ត្រូវបានឧទ្ទេសនាមជាផ្លូវការនៅឡើយ។ ស្មាតហ្វូនទាំងបីម៉ូដែលនេះ ត្រូវបានគេជឿថា ជា iPhone 7 Pro, iPhone 7 Plus និង iPhone 7។ ប៉ុន្តែ ផលិតផលទាំងនេះ ក៏ត្រូវបានគេជឿថា មានប្រភពមកពីខែត្រក្វាងចូវ ប្រទេសចិន។
ខណៈដែលរូបថតស្ដីអំពី iPhone 7 បង្ហាញខ្លួនជាញឹកញាប់ក្នុងរយៈពេលកន្លង គេឃើញថា រូបថតស្ដីអំពី iPhone 7 Plus និង iPhone 7 Pro មិនសូវបង្ហាញខ្លួននោះទេ។ iPhone 7 Plus ត្រូវគេយល់ថា ជាកំណែធំរបស់ iPhone 7 ដែល iPhone 7 មានអេក្រង់ 4,7 inch និង iPhone 7 Plus មានអេក្រង់ 5,5 inch។ ចំណែក iPhone 7 Pro វិញ គឺជាម៉ូដែលលំដាប់ខ្ពស់បំផុតដោយមានកាមេរ៉ាភ្លោះ។
ទោះជាយ៉ាងណាក៏ដោយ រូបថតថ្មីស្ដីអំពី iPhone 7 បីម៉ូដែលនេះ ត្រូវគេយល់ថា គ្រាន់តែជារូបថតដែលថតចេញពីស្មាតហ្វូនគំរូប៉ុណ្ណោះ ហើយវាមិនមែនជាស្មាតហ្វូនដែលត្រូវបានគេធ្វើឡើងរួចរាល់ជាស្ថាពរនោះដែរ។ ព្រោះថា សម្បកខាងខ្នងរបស់ស្មាតហ្វូននេះ មានឡូហ្គូ S ដូចទៅនឹង 6s ខណៈដែលតាមទ្រឹស្ដី iPhone 7 នឹងមិនមានឡូហ្គូនេះ។ ចំណែកភ្លើងហ្វ្លាសដែលនៅក្បែរកាមេរ៉ាវិញ ក៏ជាប្រភេទទោល មិនមែនប្រភេទភ្លោះដូចនៅលើ iPhone 6 និង 6s។

ប៉ុន្តែ ជាមួយនឹងការបែកធ្លាយរូបថតកាលពីពេលកន្លងមក រចនារូបរាងរបស់ iPhone 7ជំនាន់ថ្មី ត្រូវគេព្យាករណ៍ថា នឹងមិនមានភាពខុសគ្នាប៉ុន្មាន បើធៀបនឹងរូបថតដែលបានបែកធ្លាយកន្លងមក។ ផលិតផលថ្មីរបស់ Apple នឹងមានទំហំប្រហាក់ប្រហែលនឹង iPhone 6 និង 6s។ iPhone 7 នៅតែប្រើប្រាស់លោហធាតុ ប៉ុន្តែ វាមានការផ្លាស់ប្ដូរនៅត្រង់កាមេរ៉ា និងខ្សែអង់តែនដែលអូសកាត់ទទឹងខ្នងរបស់ទូរស័ព្ទ។
ប្រែសម្រួល ៖ បុត្រា