ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទីភ្នាក់ងារបរទេស chinadaily កាលពីវេលាព្រឹកមិញនេះ បានបញ្ជាក់អោយដឹងថា ក្មេងប្រុសវ័យ ៨ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Zhou Ziyun ត្រូវបានរកអោយឃើញថា បានព្យាយាមជួយសង្គ្រោះអាយុជីវិត ប្អូនស្រីវ័យ ២ ឆ្នាំ របស់ខ្លួន ដោយខំប្រឹងជីកកកាយ គំនរថ្មបាក់បែកដោយដៃទទេ បន្ទាប់ពីមានការបាក់រលំគ្រប់សង្កត់ ក្រោយជួបឧបទ្ទេវហេតុ គ្រោះរញ្ជួយដីកំលាំង ៧ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ ទី២០ មេសា កន្លងទៅ នាខេត្ត Sichuan ប្រទេសចិន។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា អំឡុងពេលនៃការលាងមុខរបួសអោយក្មេងប្រុស Zhou ខណៈពេលដែលដៃស្តាំរបស់គេ របួសទៅដោយការចាក់មុតដែកគោល ក៏ដូចជាដាំឆ្វេងរបួសដោយសារការសង្កត់លើទ្វារឈើនោះ គេមិនស្រែកឈឺអ្វីនោះទេដែលករណីនេះហើយ បានធ្វើអោយក្រុមវេជ្ជបណ្ឌិតស្ងោចសរសើរថា វាជារឿងមួយដែលមិនគួរអោយជឿ ថាក្មេងប្រុស វ័យ ៨ ឆ្នាំរូបនេះអាចធ្វើបាន ដែលមានពេលខ្លះមនុស្សធំពេញវ័យមួយចំនួនពិបាកនឹងធ្វើក៏ថាបាន។
ដោយឡែក ក៏មានការបញ្ជាក់អះអាង ទៅវិញពីសំណាក់ក្មេងប្រុសតូចវ័យ ៨ ឆ្នាំ រូបនេះថាតាមពិតទៅវាពិតជាមិនឈឺណាស់ណានោះទេ តែអ្វីដែលខ្ញុំឈឺនោះ គឺថា ខ្ញុំពិតជានឹក និងចង់ទៅមើលប្អូនស្រីតូចរបស់ខ្ញុំ ដែលកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយផ្សេងទៀត។ ខ្ញុំនឹងទៅមើលនាងភ្លាមៗ បន្ទាប់ពីរបួសខ្ញុំបាទ បានជាសះស្បើយ៕
ដោយ ៖ មង្គលប្រភព ៖ chinadaily