ក្រុមអ្នកតាក់តែងច្បាប់អ៊ីរ៉ង់ បានធ្វើសេចក្ដីព្រាងច្បាប់មួយអនុញ្ញាតអោយបិទច្រកសមុទ្រ Hormuzដើម្បីទប់ស្កាត់កប៉ាល់ដឹកប្រេងរបស់ក្រុមប្រទេសដែលគាំទ្រចំពោះវិធានការដាក់ទណ្ឌកម្មមកលើក្រុងTehran ឆ្លងកាត់សមុទ្រនេះ។
យោងតាមសំដីអ្នកជំនួយការរបស់អនុប្រធានាធិបតិទីមួយ អ៊ីរ៉ង់ លោក Agha-Mohammadi បានអោយដឹងថា ៖ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានបង្កើតឡើងគឺដើម្បីឆ្លើយតបទៅនឹងសកម្មភាពដាក់ទណ្ឌកម្មរបស់សហភាពអ៊ឺរ៉ុប ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ គួររំឭកថា បទបញ្ជាហាមនាំប្រេងចូលរបស់សហភាពអ៊ឺរ៉ុប ប្រឆាំងចំពោះអ៊ីរ៉ង់ បានចាប់ផ្ដើមមានសុពលភាពចាប់ពីថ្ងៃទី ១កក្កដាកន្លងទៅ។

លោក Agha-Mohammadi ថ្លែងថា ក្នុងរយៈពេលតែមួយថ្ងៃ គឺថ្ងៃទី ១កក្កដា សមាជិកសភាអ៊ីរ៉ង់ចំនួន ១០០នាក់ក្នុងចំណោម ២៩០នាក់ បានចុះហត្ថលេខា ស្នើអោយមានការអនុម័តលើសេចក្ដីព្រាងច្បាប់ខាងលើ។
Hormuz គឺជាច្រកសមុទ្រដឹកជញ្ជូនប្រេងដ៏សំខាន់ក្នុងពិភពលោក។ ប្រេងឆៅស្ទើរតែទាំងអស់ដែលនាំចេញពី Saudi Arabia, UAE, Kuwait និងអ៊ីរ៉ាក់ សុទ្ធសឹងតែធ្វើដំណើរតាមផ្លូវនេះ។
ប្រទេសមួយចំនួនដែលនាំប្រេងចេញ តាមច្រកសមុទ្រនេះ បច្ចុប្បន្ន កំពុងស្វែងដំណោះស្រាយបញ្ហានេះ។ UAE ថ្មីៗនេះ បានបង្ហើបពីគម្រោងសាងសង់ផ្លូវដាក់បំពង់នាំប្រេង Habshan-Fujairah ស្ថិតនៅឈូងសមុទ្រ Oman ដែលអាចបញ្ជូនប្រេងបាន ១,៥លានធុង/ថ្ងៃ។ចំណែកអ៊ីរ៉ាក់ក៏បានប្រកាសពីគម្រោងសាងសង់ផ្លូវដាក់បំពង់នាំប្រេងទៅកាន់ កំពង់ផែ Ceyhan របស់ទួរគី ដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រ Hormuz។រីឯ Saudi Arabia វិញក៏កំពុងពិចារណាលទ្ធភាពនៃការសាងសង់ផ្លូវដាក់បំពង់នាំប្រេងពីឈូងPersian Gulf ទៅកាន់សមុទ្រក្រហមផងដែរ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ GD