យ៉ោងហោចណាស់មានមនុស្ស២០នាក់បានស្លាប់និងជាង៥០នាក់កំពុងបាត់ខ្លួនបន្ទាប់
ពីព្យុះកំណាចមានឈ្មោះថា តាឡាស បានវាយប្រហារនៅភាគខាងលិចប្រទេស ជប៉ុន។
ព្យុះ តាឡាស បាននាំមកនូវភ្លៀងខ្លាំងនិងខ្យល់ដែលមានល្បឿនឡើងដល់១០៨គមក្នុង
១ម៉ោងក្រោយពីវាយលុកចូលកាន់កោះ ស៊ីកូកូ កាលពីថ្ងៃសៅរ៍។
ទីភ្នាកងារឧតុនិយមរបស់ប្រទេសជប៉ុនបាននិយាយថា បច្ចុប្នន្ន ព្យុះនេះបានធ្វើដំណើរពី
ដីគោកទៅកាន់សមុទ្រជប៉ុន។ប៉ុន្ដែទីភ្នាក់ងារនេះក៏បានព្រមានថា ភ្លៀងធំនិងខ្យល់ខ្លាំង
នឹងនៅតែបន្ដ ហើយវាអាចបង្កឱ្យមានទឹកជំនន់ព្រមទាំងបាក់ដីផងដេរ។

មនុស្សចំនួន៤៦០ពាន់នាក់នៅក្នុងតំបន់ភាគខាងលិចនិងភាគកណ្ដាលប្រទេសជប៉ុន
ត្រូវបានគេជម្លាសចេញ។តំបន់ដែលរងការខូចខាតច្រើនបំផុតនោះគឺខេត្ត ណារ៉ា និង
វ៉ាកាយ៉ាម៉ា ដែលស្ថិតនៅភាគខាងលិចនៃប្រទេសនេះ។
ផ្ទះចំនួន៦ខ្នងត្រូវបានលេបត្របាក់ដោយបំណាក់ដីមួយដ៏ធំនៅទីក្រុង តាណាបេ ក្នុង
ខេត្ត វ៉ាកាយ៉ាម៉ា បណ្ដាលឱ្យស្រ្តី៣នាក់និងសិស្សសាលា២នាក់បានបាត់ខ្លួន នេះបើតាម
ការឱ្យដឹងពីទំព័រ Kyodo។

ស្ពានឆ្លងកាត់ទន្លេ ណាជី មួយកន្លែងនៅក្នុងខេត្ត វ៉ាកាយ៉ាម៉ា ត្រូវបានទឹកគួចបាក់ស្ទើរ
តែទាំងស្រុង ហើយផ្ទះជាច្រើនខ្នងនៅក្នុងស្រុក តូតស៊ូកាវ នៃខេត្ត ណារ៉ា ក៏ត្រូវទឹកគួច
ទៅដោយមានមនុស្សយ៉ាងតិច៣នាក់បានស្លាប់និង៧នាក់កំពុងបាត់ខ្លួន។
កាសែតនានារបស់ជប៉ុនបានឱ្យដឹងថា ព្យុះ តាឡាស កាលពីថ្ងីទី៤ខែកញ្ញាបានបង្កឱ្យ
មានភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មានកាលពីមុនមកនៅក្នុងតំបន់ភាគលិចនិងកណ្ដាល
នៃប្រទេសនេះ។

ព្យុះ តាឡាស បានបង្កឱ្យមានមនុស្សស្លាប់យ៉ាងតិច២០នាក់និងធ្វើឱ្យមនុស្សរាប់ពាន់
នាក់ត្រូវឯកោនៅពេលទីប្រជុំជនមួយចំនួនក្លាយជាបឹងពេញដោយទឹក ហើយរថយន្ដ
ជាច្រើនត្រូវទឹកគួចនិងមានបំណាក់ដីជាច្រើនកន្លែងនិងមានមនុស្សយ៉ាងតិច៥០នាក់
បាត់ខ្លួន។

ទូរទស្សន៍ NHK របស់ជប៉ុនផ្សាយថា មនុស្សជិត១០០នាក់បានត្រូវរងរបួសនៅក្នុងគ្រោះ
មហន្ដរាយដ៏កំណាចដែលបង្កឡើងដោយព្យុះ តាឡាស នេះ។

បុគលិកជួយសង្គ្រោះកំពុងស្វែងរកមនុស្សដែលបានបាត់ខ្លួននៅក្នុងទីក្រុង តាណាបេ
ភាគកណ្ដាលប្រទេសជប៉ុន។
ទីប្រជុំជនមួយនៅ ណាជីកាតស៊ូរ៉ា ភាគកណ្ដាលប្រទេស ត្រូវបំផ្លាញដោយព្យុះ
តាឡាស។

ផ្ទះមួយខ្នងនៅស្រុក តូតស៊ូកាវ៉ា នៃខេត្ត ណារ៉ា ត្រូវកម្ទេចទាំងស្រុង៕
សូរិយ៉ា
(ប្រភពដើម AP)