ភ្នំពេញៈ ថ្មីៗនេះមានព័ត៌មានថា ពិធីការិនីល្បីឈ្មោះ នៃស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី កំពុងតែមានគម្រោង សម្ពោធសណ្ឋាគារ លំដាប់ផ្កាយបី នៅក្នុងខេត្តក្រចេះ និងអាចផ្អាកពី ការងារសិល្បៈទាំងស្រុង ទៅសម្ងំធ្វើជាថៅកែ ស្រីហ៊ឺហារ មានសុភមង្គល ជាមួយស្វាមី និងកូន ដោយមិនបាច់ខ្វល់ ចំណូលពី ការងារសិល្បៈ សន្សំប្រាក់ល្អិតទៀតឡើយ ។

អ្នកនាង សុខ សោម៉ាវត្តី បន្ទាប់ពីរៀបការ តាមប្រពៃណី ជាមួយកូនប្រុស បណ្តូលចិត្តរបស់ អតីតស្នងការ រាជធានីភ្នំពេញ លោក ទូច ណារ៉ុថ គឺ លោក ទូច ដាណារ៉ា រួចមក គេសង្កេតឃើញថា នាងនិងស្វាមីបានទទួល ទ្រព្យសម្បត្តិជាច្រើនម៉ឺនដុល្លារ និងវីឡារស់នៅយ៉ាងសុខស្រួល ជាមួយស្វាមីបើទោះបី ជាពេលនេះ នាងមិនចូលប្រឡូក ក្នុងវិស័យសិល្បៈវិញ ក៏មិនខ្វល់រឿងលុយកាក់ ចាយវាយប្រចាំថ្ងៃដែរ។

ជាមួយគ្នានោះ ថ្មីៗនេះក៏មានប្រភព ពីអ្នករស់នៅ ខេត្តក្រចេះ បង្ហើបប្រាប់ឲ្យដឹងថា តារាស្រីរូបស្រស់ សាច់ម៉ដ្ឋរលោង អ្នកនាង សុខ សោម៉ាវត្តី កំពុងតែសម្ងំសាងសង់ សណ្ឋាគារ ដ៏ប្រណិតធំស្រស់ស្អាត លេចធ្លោខ្លាំងជាងគេ នៅលើទឹកដីខេត្តក្រចេះ ដោយបោះទុនជាង១លានដុល្លារ ដោយរហូតមកដល់ ពេលនេះ នាងនិងស្វាមី ក៏កំពុងតែមាន គម្រោងដាក់សម្ពោធបើក ទទួលភ្ញៀវស្នាកនៅ ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លង ទៅនេះ ម្តាយរបស់ពិធីការិនីកូនមួយ អ្នកនាង សោម៉ាវត្តី បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ មិនបានផ្អាកពីការងារសិល្បៈ ដូចការលើកឡើង របស់ទស្សនិកជនទេ ។ចំពោះព័ត៌មានថា កូនខ្ញុំឈប់ពីសិល្បៈនោះ មិនមែនជាការពិតទេ ប្រហែលជា គេយល់ច្រឡំ ដោយសារតែកូនខ្ញុំផ្អាក ការងារសិល្បៈយូរពេក ទើបធ្វើឲ្យទស្សនិកជន គិតថាអាតីឈប់ពីសិល្បៈ..! ។

ម្ដាយ សុខ សោម៉ាវត្តី បន្តថា តាមពិតទៅ អាតី ត្រៀមចូលសិល្បៈយូរហើយ គ្រាន់តែមិនទាន់ដល់ថ្ងៃ ព្រោះខាងស្ថានីយទូរទស្សន៍ កំពុងបង្កើតកម្មវិធីថ្មី ឲ្យកូនខ្ញុំ តែមិនទាន់ដល់ថ្ងៃ ទើបត្រូវរង់ចាំមួយរយៈពេលទៀត។ សម្រាប់កូនខ្ញុំនាងស្រឡាញ់សិល្បៈណាស់ ដាច់ខាតនាងមិនបោះបង់ចោល អាជីពនេះទេ..! ។

ម្តាយរបស់ សោម៉ាវត្តី បានប្រាប់ឲ្យដឹងទៀតថា ចំណែករឿងល្បីថា អាតី ត្រៀមសម្ពោធសណ្ឋាគារធំជាងគេ នៅខេត្តក្រចេះ មិនមែនជាការពិតទេ សណ្ឋាគារនោះជា របស់ឪពុកម្តាយ ក្មេករបស់អាតីតើក្មួយ…! អាតី និងប្តីគ្រាន់តែជួយ មើលការខុសត្រូវ សម្រាលការលំបាក ឪពុកម្តាយក្មេក មិនមែនដូច ពាក្យចចាមអារ៉ាម លើកឡើងនោះទេ ..! ៕

width=500

width=500

 

ដោយ ៖​ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល