រង្វង់ភ្នែកខ្មៅ ច្រើនតែកើតឡើងដោយសារតែគេងមិនគ្រប់គ្រាន់ និងអស់កម្លាំង។ តាមពិតទៅ វាមិនមែនជាមូលហេតុតែមួយគត់ដែលធ្វើឲ្យមានការផ្លាស់ប្តូរពណ៌ស្បែកនៅក្រោមភ្នែករបស់អ្នកនោះទេ។ ថ្ងៃនេះ យើងនឹងប្រាប់អ្នកពីហេតុផលមួយចំនួនដែលអាចធ្វើឲ្យរង្វង់ភ្នែករបស់អ្នកខ្មៅ។

តំណពូជ

ប្រសិនបើឪពុកម្តាយរបស់អ្នកមានរង្វង់ភ្នែកខ្មៅ អ្នកក៏អាចមានវាផងដែរ។ បញ្ហានេះ ត្រូវបានគេដឹងថាមកពីខ្សោយសរសៃឈាមនៅជុំវិញភ្នែក។

ភាពតានតឹង

ភាពតានតឹង តែងតែធ្វើឲ្យអ្នកអស់ថាមពល និងប៉ះពាល់ដល់បញ្ហាដំណេក។ នេះហើយ ជាមូលហេតុដែលធ្វើឲ្យរង្វង់ភ្នែកខ្មៅអាចលេចឡើង។ អ្នកអាចសាកល្បងព្យាយាមសម្រាក ហើយមើលថាតើវាអាចជួយអ្នក បានឬអត់?

វ័យចំណាស់

នៅពេលដែលអ្នកធំឡើង ស្បែករបស់អ្នកកាន់តែស្តើង ភាពតឹងណែនក៏ធ្លាក់ចុះ ហើយជាតិខ្លាញ់និងកូឡាជែនក៏បាត់បង់ ដែលធ្វើអោយសសៃឈាមនៅជុំវិញភ្នែករបស់អ្នកកាន់តែមើលឃើញ។

/

រូបតំណាង 

សម្បូរជាតិមេឡានីន

រង្វង់ភ្នែកខ្មៅ អាចមើលទៅច្បាស់ចំពោះមនុស្សស្បែកខ្មៅ។ ហើយបើអ្នកនៅក្រោមពន្លឺព្រះអាទិត្យ នោះវានឹងធ្វើឲ្យរាងកាយរបស់អ្នកផលិតជាតិមេឡានីនច្រើន ដែលអាចធ្វើឲ្យឃើញរង្វង់ភ្នែកខ្មៅកាន់តែអាក្រក់ ប្រសិនបើស្បែករបស់អ្នកស្តើង។

ខ្វះជាតិទឹក

រង្វង់ភ្នែកខ្មៅ គឺជារោគសញ្ញានៃការខ្វះជាតិទឹក។ ប្រសិនបើវាមិនធ្ងន់ធ្ងរ បញ្ហានេះអាចត្រូវបានជួយឲ្យត្រលប់ដូចដើមវិញ នៅពេលដែលអ្នកផឹកទឹកឲ្យបានច្រើន។

របបអាហារមិនល្អ

របបអាហារ ដែលមានជាតិប្រូតេអ៊ីនទាប និងជាតិស្ករខ្ពស់ ក៏អាចធ្វើឲ្យអ្នកលេចចេញនូវរង្វង់ភ្នែកខ្មៅបានដែរ។ ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងការកំណត់បរិមាណអាហារដែលមានជាតិស្ករ គឺអាចជួយបន្ថយបញ្ហានេះបាន។ ការសេពសុរាច្រើនហួសប្រមាណ ក៏នាំទៅរករង្វង់ភ្នែកខ្មៅផងដែរ ដូច្នេះសូមព្យាយាមដាក់កម្រិតវាតាមដែរអាចធ្វើបាន។

ប្រសិនបើអ្នកខ្វល់ខ្វាយពីរង្វង់ភ្នែកខ្មៅនេះ សូមពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសស្បែក - គាត់អាចជួយអ្នកក្នុងការរកវិធីល្អបំផុតដើម្បីបំបាត់បញ្ហានេះ៕

/

ប្រែសម្រួល ៖​ ច័ន្ទ

ប្រភព៖ womansbeautyextra