លេងបានយ៉ាងល្អឥតខ្ចោះនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រយូរ៉ូ2012 តារាបាល់ទាត់បីនាក់គឺCasillas, Xavi & Torres បានរួមគ្នាបង្កើតនូវឯក្កតកម្មថ្មីដែលមិនទាន់មានពីមុនមក។

អេស្បាញបានបំបាក់អ៊ីតាលី 4-0 ក្នុងការប្រកួតផ្តាច់ព្រ័ត្រ Euro 2012 ហើយបានក្លាយទៅជាក្រុមជំរើសជាតិដំបូងគេដែលអាចការពារបានសំរេចនូវម្ចាស់ជើងឯកយូរ៉ូ។ ទន្ទឹមនឹងនោះ អេ-ស្បាញក៏ជាក្រុមដំបូងដែលដណ្តើមបានពានរង្វាន់ធំៗបី ក្នុងបីរដូវកាលជាប់គ្នាជាប្រវត្តិសាស្រ្តគឺ(Euro 2008,World Cup 2010, Euro 2012)។ រួមគ្នាសប្បាយជាមួយ La Furia Roja ក្រុមកីឡា-កររបស់ក្រុមជំរើសជាតិអាវពណ៌ក្រហមដូចជា Casillas, Xavi & Torres  បានរួមគ្នាបង្កើតនូវឯក្កត-កម្មថ្មីដែលមិនធ្លាប់មានពីមុនសំរាប់ខ្លួនឯងផ្ទាល់ផងដែរ។

សំរាប់ Casillas ដោយសារជ័យជំនះរបស់អេស្បាញលើអ៊ីតាលី គាត់បានក្លាយទៅជាកីឡាករដំបូងនៅលើពិភពលោកដែលធ្វើការប្រកួតឈ្នះបាន 100ប្រកួតរួមជាមួយក្រុមជំរើសជាតិ។ ក្រៅពីនេះ ការដែលមិនមានគ្រាប់បាល់ទំលាយសំណាញ់នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ អ្នកចាំទី Casillasបានបង្កើនចំនួននាទីដែលរក្សាសំណាញ់មិនឲ្យមានការស៊ុតបាល់ចូលកើនដល់ចំនួន 509 ដែលនេះជាការបំបែកឯក្កតកម្មថ្មីនៅយូរ៉ូ។

/

រួមជាមួយអេស្បាញ Casillas, Xavi & Torres  បានរួមគ្នាបង្កើតឯក្កតកម្មថ្មី

Torres អ្នកដែលចូលប្រកួតនៅចុងតង់ទីពីរជំនួស Fabregas ក៏បានបង្កើតឯក្កតកម្មសំរាប់ខ្លួនឯងផងដែរ។ រកបានគ្រាប់បាល់មួយគ្រាប់ និងការបញ្ជូនបាល់ឲ្យ Mata ស៊ុតបញ្ចូលទីបានសំរេចមួយដង បានធ្វើឲ្យ El Nino ដណ្តើមបានតំណែងស្តេចទំលាយសំណាញ់ Euro 2012 (គ្រាប់បាល់បីគ្រាប់ស្មើនឹងកីឡាករ 5នាក់ផ្សេងទៀត ប៉ុន្តែលើសត្រង់បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសំរេចមួយដង និងនាទីចូលប្រកួតតិចជាងគេគឺ 189)។ ក្រៅពីនេះ ខ្សែប្រយុទ្ធរបស់ Chelsea បានក្លាយទៅជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលរកបានគ្រាប់បាល់ក្នុងពីរប្រកួតវគ្គផ្តាច់ព្រ័ត្រនៅយូរ៉ូ។

សំរាប់ Xavi វិញ បើទោះជាមិនសូវមានភាពលេចធ្លោក្នុងការប្រកួត ប៉ុន្តែគាត់មានការប្រកួតមួយយ៉ាងល្អ និងស្វាហាប់ជាមួយអ៊ីតាលី។ ការបញ្ជូនបាល់ពីរគ្រាប់ឲ្យមិត្តរួមក្រុមស៊ុតបាល់បញ្ចូលទីបានសំរេច បានធ្វើឲ្យខ្សែបំរើរបស់ Barca ក្លាយជាកីឡាករដំបូងគេ ដែលមានការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសំរេចពីរគ្រាប់នៅវគ្គផ្តាច់ព្រ័ត្រយូរ៉ូ៕

ដោយ៖ សិលាប្រភព៖ 24h