Duke ប្រហែលជាបុរសរដ្ឋដែលល្បីឈ្មោះបំផុតនៅអាមេរិក ព្រោះថាសុនកនេះមិនត្រឹមតែមានជើងបួន និងរោម ស នោះទេ ប៉ុន្តែ គាត់ក៏បានឈ្នះឆ្នោត ឡើងកាន់តំណែងជាចៅហ្វាយស្រុក ក្នុង៣អាណតិបន្តបន្ទាប់។

នៅក្នុងការបោះឆ្នោតរបស់ទីរួមស្រុក Cormorant នៃរដ្ឋ Minnesota ដែលទើបត្រូវបានធ្វើឡើងទន្ទឹមនឹងពិធីបុណ្យ Cormorant Daze ប្រចាំឆ្នាំ សុនកអាយុ ៩ឆ្នាំ ជាពូជសុនក Pyrenees បានបន្តជាប់ឆ្នោតជាចៅហ្វាយស្រុក អាណតិទីបី។ អ្នកបោះឆ្នោត ត្រូវចំណាយប្រាក់ ១ដុល្លារក្នុងម្នាក់ ដើម្បីអាចបោះឆ្នោតបាន។
David Rick ដែលជាម្ចាស់របស់សុនក Duke ថ្លែងថា ៖ “អ្នកណាក៏បានបោះឆ្នោតឱ្យ Duke លើកលែងតែលោក Lassie ប៉ុណ្ណោះ ដែលបានបោះឆ្នោតឱ្យមិត្តស្រីរបស់ខ្លួន”។
ក្នុងតំណែងជាចៅហ្វាយស្រុក Duke មានតួនាទីថតរូប ដាក់លើផ្ទាំងប៉ាណូធំៗ នៅក្បែរផ្លូវ ដើម្បីឃោសនាឱ្យទីរួមស្រុក។
បើទោះជាតួនាទីរបស់ Duke មានភាពចម្លែក ប៉ុន្តែ Duke មិនមែនជាសត្វដំបូងដែលបានជាប់ឆ្នោតជាបុរសរដ្ឋនៅអាមេរិកនោះទេ។
ទីរួមស្រុក Lajitas នៅ Texas ក៏ធ្លាប់បានបោះឆ្នោតជ្រើសរើសពពែមួយក្បាលដែលចូលចិត្តផឹកស្រាបៀរ ឱ្យធ្វើជាចៅហ្វាយស្រុកផងដែរ។ ចំណែកទីរួមស្រុក Talkeetna នៅ Alaska ក៏បានបោះឆ្នោតជ្រើសរើសឆ្មា Stubbs ។ រីឯគោឈ្មោះ April ក៏ទទួលបានសម្លេងគាំទ្រច្រើន ហើយបានកាន់តំណែងជាចៅហ្វាយស្រុកនៅ Eastsound ក្រុង Washington។
ប្រែសម្រួល ៖ តារា