ខ្ទមឈើជាច្រើនដែលមានរូបរាងដូចទៅនឹងកន្លែងសម្រាកកាយរបស់អ្នកដំណើរថ្មើរជើង គឺជាស្នាដៃថ្មីនៃគំនិតច្នៃប្រឌិតរបស់ក្រុមមន្ដ្រីនៃប្រទេស ស្វ៊ីស ដើម្បីផ្ដល់សេវាកម្មកំបាំង និងសុវត្ថិភាព សម្រាប់ស្ដ្រីរកស៊ីផ្លូវភេទ។ ទំព័រ Telegraph បានរាយការណ៍ថា ខ្ទមឈើទាំងនេះ ត្រូវបានគេចាត់ទុកថា ជា “ប្រអប់សិច” ហើយវានឹងត្រូវបើកដំណើរការក្នុងក្រុង Zurich នៅថ្ងៃទី ២៦ខាងមុខ។ខ្ទមឈើដែលមានចំនួន ៩ នេះ ស្ថិតនៅក្នុងតំបន់ឧស្សាហកម្មចាស់ នៅភាគខាងលិចរបស់ក្រុង ហើយត្រូវបានគេដាក់ជួលសម្រាប់តែអ្នកទិញសេវាកម្មសិច ដែលជាអ្នកបើកបររថយន្ដប៉ុណ្ណោះ។ ចំណែកអ្នកដើរដោយថ្មើរជើង និងអ្នកជិះម៉ូតូ មិនត្រូវបានអនុញ្ញាតឱ្យប្រើ “ប្រអប់សិច” នេះ។
ក្នុង“ប្រអប់សិច” មានអក្សរ ព្រមានអំពីការឆ្លងចម្ងឺ AIDS
អ្នកបើកបររថយន្ដនឹងត្រូវគោរពទៅតាមការកំណត់ដែលត្រូវបានដាក់សញ្ញាយ៉ាងច្បាស់ ដោយមានស្ដ្រីរកស៊ីផ្លូវភេទចំនួន ៤០នាក់កំពុងរង់ចាំជាស្រេច។ នៅពេលជ្រើសរើសបាននារីម្នាក់ និងបានបង់ប្រាក់រួចរាល់ ពួកគេនឹងចូលក្នុងខ្ទមមួយក្នុងចំណោមខ្ទមទាំង ៩ ជាកន្លែងដែលមានបិទអក្សរដែលលើកទឹកចិត្តឱ្យប្រើប្រាស់ស្រោមអនាម័យ ព្រមទាំងព្រមានអំពីហនិភ័យនៃការកើតជម្ងឺ AIDS ។“ប្រអបសិច” ទាំងនេះ ត្រូវបានគេបើកដំណើរការ ចាប់ពីព្រលប់ រហូតដល់ម៉ោង ៥ព្រឹក។ នៅក្នុង“ប្រអប់សិច” មានបំពាក់ឧបករណ៍ប្រកាសអាសន្ន សម្រាប់ស្ដ្រីរកស៊ីផ្លូវភេទ ក្នុងករណីពួកគេជួបគ្រោះថ្នាក់ ដោយសារអតិថិជន។ប្រភពព័ត៌មាន បានឱ្យដឹងថា “ប្រអប់សិច” គឺជាផ្នែកមួយនៃវិធីសាស្ដ្រដើម្បីគ្រប់គ្រងការរកស៊ីផ្លូវភេទ ទប់ទល់នឹងស្ថានភាព “គក់ជេរ” ផ្លូវភេទ និងកែលំអសន្ដិសុខសម្រាប់ពលកម្មផ្លូវភេទ។ គំនិតនេះ ក៏ត្រូវគេរំពឹងថានឹងកាត់បន្ថយចំនួនស្ដ្រីរកស៊ីផ្លូវភេទ ដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រជុំជន និងក្នុងក្រុង។បច្ចុប្បន្ន មន្ដ្រី Zurich បានចេញបទបញ្ជា ហាមស្ដ្រីរកស៊ីផ្លូវភេទ ធ្វើសកម្មភាពនៅតាមឆ្នេរទន្លេ Sihlquai ។ អតិថិជនដែលបាន “ប្រព្រឹត្ដបទល្មើស” ជាមួយស្ដ្រីរកស៊ីផ្លូវភេទ នៅខាងក្រៅតំបន់ “ប្រអប់សិច” និង ២តំបន់ផ្សេងទៀត នឹងត្រូវបានពិន័យជាប្រាក់ ៤៥០ franc ស៊្វីស (៤៨៥ដុល្លារអាមេរិក)។
ប្រអបសិច ជាច្រើនត្រូវបានសង់ឡើងដើម្បីបម្រើដល់អ្នករកស៊ីផ្លូវភេទ
លោក Michael Herzig ប្រធានគណកម្មការសុខុមាលភាពសង្គម នៅតំបន់ Zurich ថ្លែងថា ៖ “យើងចង់គ្រប់គ្រងសកម្មភាពផ្លូវភេទ ព្រោះថាសកម្មភាពនេះ រហូតមកដល់ពេលនេះ គឺប្រព្រឹត្តឡើងតាមច្បាប់ព្រៃ ពោលគឺតម្លៃសេវាកម្មផ្លូវភេទត្រូវបានកំណត់ដោយអ្នកគក់ជេរ។ យើងកំពុងតែប្រឹងប្រែងដើម្បីបង្កើតស្ថានភាពល្អសម្រាប់ក្រុមស្ដ្រីរកស៊ីផ្លូវភេទ ដូចជាបញ្ហាសុខភាព និងសុវត្ថិភាពរបស់ពួកគេ ក៏ដូចជាប្រជាជននៅតំបន់ Zurich” ។គួររំឭកថា គម្រោងដែលត្រូវបានអនុម័តដោយការធ្វើប្រជាមតិកាលពីឆ្នាំទៅ នៅ Zurich នេះ មានតម្លៃជាទឹកប្រាក់ជាង ២លានដុល្លារអាមេរិក។ សកម្មភាពរកស៊ីផ្លូវភេទនៅ ប្រទេសស៊្វីស ត្រូវបានចាត់ទុកជារឿងស្របច្បាប់ ដោយក្នុងនោះ ស្ដ្រីរកស៊ីផ្លូវភេទម្នាក់ត្រូវបង់ពន្ធ ៥,៤ដុល្លារអាមេរិក សម្រាប់ការរកស៊ីមួយយប់៕
ដោយ ៖ តារាប្រភព ៖ Telegraph