Samsung បានឲ្យដឹងថា ក្រុមហ៊ុនបានកំណត់បញ្ជាក់ឃើញថា មានការរាយការណ៍ខុសចំនួន ២៦ ករណី ស្តីពីការដែល Galaxy Note 7 របស់អ្នកប្រើប្រាស់ បានផ្ទុះឆេះ ចាប់តាំងពីការបញ្ជាប្រមូល Note 7 មកវិញទូទាំងពិភពលោក ដែលបានដាក់ចេញកាលពីដើមខែកញ្ញា កន្លងទៅនេះ។

តាមប្រភពពី Zdnet, ក្នុងរបាយការណ៍ខុស ២៦ករណីនោះ Samsung បាននិយាយឲ្យដឹងថា មាន​១២ករណី ពួកគេមិនបានរកឃើញនូវកំហុសរបស់ឧបករណ៍ទេ, ៧ករណី មិនអាចទាក់ទងបានជាមួយ​នឹងអ្នករាយការណ៍ និង ៧ករណីទៀត អ្នកប្រើប្រាស់ បានលុបចោលការរាយការណ៍របស់ពួកគេវិញ ដោយខ្លួនឯង ឬបោះចោលឧបករណ៍ មុនពេលត្រូវបានក្រុមហ៊ុនទាក់ទង។

/

នៅអាមេរិច កន្លែងដែលមាន Galaxy Note 7 ជាងមួយលានគ្រឿង ត្រូវបានប្រមូលមកវិញ មានចំនួន​៩​ករណី ការរាយការណ៍ខុស។ បន្ទាប់មក មាន៣ករណី នៅកូរ៉េខាងត្បូង ២ករណី នៅបារាំង និងមាន​មួយករណី​ នៅអង់គ្លេស កាណាដា សឹង្ហបុរី ហ្វីលីពីន តួគី ក្រូអាត រ៉ូម៉ានី អ៊ីរ៉ាក់ លីបង់ អារ៉ាប់រួម សាធារណរដ្ឋឆែក និងវៀតណាម។

បណ្តាករណី នៃការរាយការណ៍ខុសខាងលើនេះ រួមមានដូចជា បុគ្គលិកជំនាញម្នាក់នៅប្រទេសកូរ៉េ​ខាងត្បូង បាននិយាយនៅលើអ៊ីនធឺណេតថា Galaxy Note 7 របស់ខ្លួនបានផ្ទុះឆេះ ប៉ុន្តែក្រោយមក Samsung មិនអាចទាក់ទងបាន បុគ្គលិកនោះឡើយ។ អ្នកប្រើប្រាស់ម្នាក់ទៀត នៅកាណាដា ត្រូវបាន​ចោទប្រកាន់ថាបានយករូបភាព Galaxy Note 7 ដែលបានផ្ទុះមួយសន្លឹកនៅលើអ៊ីនធឺណេត ហើយ មកនិយាយថាជារបស់ខ្លួន ដោយយកមកបង្ហោះបន្ត។ អ្នកប្រើប្រាស់ម្នាក់ទៀតនៅសឹង្ហបុរី បានឲ្យ​ដឹងថា រូបគាត់បានគ្រវែង Galaxy Note 7 របស់ខ្លួនចេញពីរថយន្ត ពេលវាផ្ទុះ ប៉ុន្តែក្រោយមក គាត់មិនបាន​បង្ហាញនូវភស្តុតាងណាមួយមកបញ្ជាក់នោះទេ បន្ទាប់ពីគេសួរនាំ។

គួរបញ្ជាក់ឲ្យដឹងដែរថា Samsung បានចាប់ផ្តើមដាក់លក់ Galaxy Note 7 ឡើងវិញនៅអាមេរិច ចាប់ពី​ថ្ងៃទី២១ ខែកញ្ញា កន្លងមកនេះ ហើយបន្ទាប់ទៀត នឹងទៅដល់បណ្តាប្រទេសផ្សេងៗទៀត ក្នុងពេល ខាងមុខឆាប់ៗនេះ។ ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា អ្នកប្រើប្រាស់អាចកំណត់សំគាល់ Galaxy Note 7 ដែលមានសុវត្ថិភាពបាន ដោយផ្អែកទៅលើ icon ថ្មមានពណ៌បៃតង និងរូបរាងបួនជ្រុងពណ៌ខ្មៅតូច​មួយ នៅលើស្ទីកឃ័រពណ៌ស បិទលើប្រអប់ស្មាតហ្វូន៕

- BlackBerry អាចនឹងបិទទ្វារ ផ្នែកជំនួញទូរស័ព្ទ នៅថ្ងៃទី ២៨ កញ្ញា ខាងមុខនេះ?- iPhone 7/7 Plus ត្រូវបានគេរាយការណ៍ថា មានលេចចេញនូវសម្លេងចម្លែក ពេលប្រើប្រាស់

ប្រែសម្រួល៖ មង្គលប្រភព៖ Zdnet, vreview