អន្តរជាតិ ៖ បើយោងតាមប្រភពសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅបានអោយដឹងថា ភ្នាក់ងារមានសមត្តកិច្ច ប្រចាំអាកាសយានដ្ឋាននាប្រទេសឥណ្ឌា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលអាចជាអ្នកគេចពន្ធ បន្ទាប់ពីគេបានលាក់សត្វស្វាដ៏ដម្រនៅក្នុងខោក្នុងរបស់គេ។
គួរបញ្ជាក់ផងដែរថា ការធ្វើការចាប់ឃាត់ខ្លួនបុរសរូបនេះអាចធ្វើទៅបាន បន្ទាប់ពីភ្នាក់ងារមានសមត្តកិច្ចបានរកអោយឃើញថា គាត់បានលាក់សត្វស្វាប្រភេទកម្រម៉្យាង (Loris) នៅក្នុង ខោក្នុងរបស់គាត់ដែលគេបានសន្មត់ថា បុរសរូបនោះជាអ្នករត់ពន្ធ ខណៈពេលដែលធ្វើការឆែកឆេរនៅក្នុងអាកាសយានដ្ឋាននាទីក្រុង New Delhi ។

លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបញ្ជាក់អត្តសញ្ញាណជនសង្ស័យរូបនោះផងដែរ ដោយគេមានឈ្មោះថា Hamad Al-Dhaheri នឹងត្រូវបានអោយដឹងថា គេទើបតែបានមកដល់អាកាសយានដ្ខាននាទីក្រុង New Delhi នេះ បន្ទាប់ពីធ្វើដំណើរចេញពីទីក្រុង Bangkok ប្រទេសថៃ នឹងមានគម្រោងហោះទៅកាន់ទីក្រុង Dubai ជាបន្ត។
គួររំឮកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ខណៈពេលដែលភ្នាក់ងារមានសមត្តកិច្ចប្រចាំអាកាសយានដ្ឋានរបស់ប្រទេសឥណ្ឌា បានធ្វើការចាប់ឃាត់ខ្លួន បុរសមួយចំនួនដែលជាប់ទាក់ទិនទៅនឹងការគេចពន្ធសត្វព្រៃ ដែលមានពេលមួយនោះ ពួកគេក៏ធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ ខណៈពេលដែលគេបានលាក់កូនសត្វអណ្តើកចំនួន ១០ ក្បាលនៅក្នុងខោក្នុងរបស់គាត់ផងដែរ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Sky