Antonino Fernandez កើតនៅប្រទេសអេស្ប៉ាញ និងបានមកកាន់ប្រទេសម៉ិចស៊ីកូដើម្បីរកស៊ី ប៉ុន្តែ លោកមិនបានភ្លេចដើមកំណើតរបស់ខ្លួនសោះឡើយ។

ស្ថាបនិកស្រាបៀរ Corona គឺមហាសេដ្ឋី Antonino Fernandez បានជួយឱ្យប្រជាជននៅឯភូមិកំណើតរបស់ខ្លួន ក្លាយជាសេដ្ឋី ស្ទើរគ្រប់គ្នា។
Fernandez កើតនៅក្នុងភូមិ Cerezales del Condado ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ ១៩១៧។ ក្រោយមក លោកក៏បានទៅកាន់ប្រទេសម៉ិចស៊ីកូដើម្បីរកស៊ី។ ដោយទទួលបានជោគជ័យក្នុងការរកស៊ី លោកក៏បានក្លាយជាមហាសេដ្ឋី។
យោងតាមបណ្ដាំមរតក លោក Fernandez ចង់ផ្ដល់ប្រាក់ចំនួន ១៦៩លានផោន (ប្រហែល ២១០លានដុល្លារ) ទៅឱ្យប្រជាជន ៨០នាក់ ដែលនៅឯភូមិកំណើតរបស់លោក។ ដូច្នេះ អ្នកភូមិម្នាក់ៗនឹងទទួលបានប្រហែល ២លានផោន (ប្រហែល ២,៥លានដុល្លារអាមេរិក)។
លោក Fernandez បានបោះបង់ការសិក្សាកាលពីអាយុ ១៤ឆ្នាំ ដោយសារគ្រួសារគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ការសិក្សា។ បន្ទាប់មក លោកក៏បានភៀសខ្លួនជាមួយប្រពន្ធ ទៅកាន់ម៉ិចស៊ីកូ កាលពីឆ្នាំ ១៩៤៩ ក្នុងវ័យ ៣២ឆ្នាំ។ ឆ្នាំ ១៩៧១ លោក Fernandez ក៏បានក្លាយជាអគ្គនាយកប្រតិបត្តិរបស់ Grupo Modelo ដែលជាក្រុមហ៊ុនផលិតស្រាបៀរ Corona ដ៏ល្បីឈ្មោះក្នុងពិភពលោក។
លោក Fernandez បានទទួលមរណភាពកាលពីខែសីហា ឆ្នាំនេះ ក្នុងជន្មាយុ ៩៩ឆ្នាំ។

Maximino Sanchez ម្ចាស់ហាងមួយនៅក្នុងភូមិ Cerezales del Condado បានប្រាប់ទំព័រ Diario de León ថា ៖ “យើងខ្ញុំមិនធ្លាប់មានប្រាក់ច្រើនបែបនេះទេ។ យើងខ្ញុំមិនដឹងថាត្រូវធ្វើអ្វី នោះទេ នៅពេលគ្មានរូបលោក”។
មហាសេដ្ឋី Fernandez ក៏ធ្លាប់ត្រូវបានព្រះមហាក្សត្រអេស្ប៉ាញ Juan Carlos លើកកិត្តិយសជាច្រើនលើក ព្រោះតែសកម្មភាពមនុស្សធម៌របស់លោក។
ប្រែសម្រួល ៖ តារាប្រភព ៖ The Sun