ភ្នំពេញៈ តារាចម្រៀងមានភាពលេចធ្លោខ្លាំងជាងគេ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បានបង្ហើបឲ្យដឹងថា ពេលនេះម្ចាស់ផលិតកម្ម កំពុងតែញាប់ដៃញាប់ជើង រៀបចំឯកសារឲ្យនាង និងក្រុមការងារចេញ ទៅសម្តែងនៅប្រទេសកូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយតួសម្តែងនៅក្នុងរឿងគឺមានតែនាងនិង លោក ខេមរៈ សេរីមន្ត តែប៉ុណ្ណោះ ដែលមានឈុតត្រូវចេញទៅថត បន្តនៅក្រៅប្រទេស ។
ជួបជាមួយ Looking TODAY តាមទូរស័ព្ទ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣នេះ តារាចម្រៀងស្រីស្រស់ចង្ការស្រួចទម្រង់មុខវែង សម្រស់ឆើតឆាយ កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថាការងារសិល្បៈ មានការមមាញឹកស្ទើរគ្មានពេលសម្រាក់ បច្ចុប្បន្ននាងត្រូវបែងចែក ពេលវេលាថតរឿងផង ថតឈុតខារ៉ាអូខេផង ហើយពេលនេះខាងក្រុមហ៊ុនក៏ កំពុងតែមានគម្រោងរៀបចំ វីហ្សាឲ្យនាង និងតួឯកប្រុសចេញ ទៅថតរឿងនៅកូរ៉េ ។
តួឯកស្រីនៅក្នុងរឿង “ព្រាយក្បាលប្រាំបី” កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា “ រឿងថ្មីដែលខាងផលិតកម្មថតនោះ រហូតដល់ពេលនេះថតបានប្រហែល ៩០ភាគរយហើយពេលនេះខ្ញុំ និងបងមន្តបានផ្អាកថតរឿងឆ្លៀតពេល ថតឈុតខារ៉ាអូខេ សម្រាប់វ៉ុលថ្មីប្រហែល៤-៥ថ្ងៃមុន នឹងចាកចេញទៅថតរឿងនៅកូរ៉េ ព្រោះថាការចេញទៅថតនេះ ខ្ញុំមិនទាន់ដឹងច្បាស់ថាត្រូវចេញទៅ ពេលណាហើយប៉ុន្មានថ្ងៃទេ ដូច្នេះត្រូវសម្រុងធ្វើការងារក្នុងស្រុក ឲ្យរួចរាល់មុនថ្ងៃចេញដំណើរ ”។
តារាចម្រៀងសំលេងផ្អែម ស្រទន់សាច់ម៉ដ្ឋរលោងរូបស្រស់សោភា កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា នាងពេញចិត្តក្នុងការថតរឿង “ព្រាយក្បាលប្រាំបី” ហើយសម្រាប់នាងមិនមាន ការខ្លាចរអាក្នុងការសម្តែងរឿងនេះទេ ព្រោះនាងគិតថាគ្រាន់តែជាអត្ថន័យ ក្នុងរឿងសម្តែងវាមិនអាចមាន ឥទ្ធពលប៉ះពាល់ ជាមួយជីវិតយើងខាងក្រៅទេ ។
ស្រីស្អាតរូបនេះបានប្រាប់ទៀតថា “ តាមពិតទៅខ្ញុំជាមនុស្សម្នាក់ ដែលជឿលើអបិយ៍ជំនឿមួយចំនួនដែរ ហើយកន្លងមកខ្ញុំក៏ធ្លាប់ឮ ពីការខ្លាចរអារបស់អ្នកសិល្បៈមួយចំនួន ទៅគាត់មិនទទួលថតរឿងបែបនេះទេ ព្រោះតែពួកគាត់ខ្លាចមានហេតុ មិនល្អសម្រាប់ខ្លួនគាត់ ប៉ុន្តែសម្រាប់ខ្ញុំក៏ដូចជាខាងផលិតកម្មមុន និងចេញថតរឿងគឺមានការក្រុងពាលី រៀបចំត្រឹមត្រូវហើយមុនពេលចេញ ថតកន្លែងណាមួយ ត្រូវមានការរៀបចំសែនព្រេន សុំសេចក្តីសុខជាដើម ដូច្នេះខ្ញុំថតរឿងនេះគឺមិន មានភាពការខ្លាចរអាអ្វីឡើយ ” ។
កញ្ញា សុខ ពិសី បានប្រាប់បន្ថែមទៀតថា ឈុតសម្តែងនៅក្នុងរឿង “ព្រាយក្បាលប្រាំបី” ថតជិតចប់ហើយគឺនៅតែរង់ចាំការចេញ ទៅថតនៅប្រទេសកូរ៉េ ប្រហែលជា១០ភាគរយៈទៀត តែប៉ុណ្ណោះហើយសម្រាប់ការចេញទៅថតនេះនាងមិន ទាន់ដឹងច្បាស់ថាត្រូវឡើងយន្តហោះ នៅថ្ងៃណាច្បាស់ទេ គឺនាងដឹងត្រឹមតែថាក្នុងចំណោម តារាសម្តែងក្នុងរឿងទាំងអស់ គឺមានតែវត្តមាននាង និងតារាចម្រៀងបុរសល្បីឈ្មោះ លោក ខេមរៈ សេរីមន្ត ប៉ុណ្ណោះ ដែរត្រូវចេញទៅថតវគ្គបញ្ចប់នៅកូរ៉េ ៕





ដោយ ៖ LookingTodayផ្តល់សិទ្ធិដោយ ៖ ដើមអំពិល