ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស singaporeseen កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា គូស្នេហ៍ជប៉ុនមួយគូ ត្រូវបានរកអោយឃើញថា បានសម្តែងល្ខោន ដោយបុរសជាមិត្តប្រុសចាប់ស្រ្តីជាមិត្តស្រី ធ្វើជាចំណាប់ខ្មាំង ដើម្បីជាការគេចវេស ពីការតាមចាប់របស់ក្រុមមន្ត្រីប៉ូលីស បន្ទាប់ពីបុរសជាមិត្តប្រុសបានធ្វើសកម្មភាព ចោរកម្ម ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ ពោលគឺ នៅថ្ងៃទី ១៦ ខែមេសា នៅលើដំបូលផ្ទះ គូស្នេហ៍ជប៉ុនមួយគូនោះ ដោយមានទីតាំងនៅក្នុងInazawa ប្រទេសជប៉ុន ។ ហើយបើនិយាយពីឈុតឆាកល្ខោនមួយនោះវិញ បុរសជាមិត្តប្រុសមានឈ្មោះ Matsumoto Shinsaku វ័យ ៣៤ ឆ្នាំ បានធ្វើជាចាប់ជំរិតមិត្តស្រីរបស់ខ្លួន ខណៈដៃប្រដាប់ទៅដោយកាំបិទ រំពេចនោះក៏មានការតាមចាប់ពីសំណាក់ក្រុមមន្ត្រីប៉ូលីស បន្ទាប់ពីបុរសចិត្តសឿងរូបនោះ បានចេញធ្វើសកម្មភាពចោរកម្ម។

ដោយឡែក ទន្ទឹមនឹងការចេញប្រតិបត្តិការរបស់ក្រុមមន្រី្តជំនាញ បុរសជាមិត្តប្រុសត្រូវបានបាញ់ចំជើងមួយគ្រាប់ ខណៈពីរគ្រាប់ដំបូងបានបាញ់គំរាម។យ៉ាងណាមិញ បើងាកក្រឡេកទៅមើលមិត្តស្រីរូបនោះវិញ ក៏ត្រូវបានរងរបួសដោយសារការចាក់នឹងកាំបិតដោយអចេតនាផងដែរ។
ជាលទ្ធផល គូស្នេហ៍ជប៉ុនមួយគូនេះ ក៏ត្រូវបានចាប់ឃាត់ខ្លួន នឹងរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ។
ដោយ ៖ ពិសិដ្ឋប្រភព ៖ singaporeseen