ភ្នំពេញៈ យោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពហុកីឡដ្ឋានជាតិថ្មីទំនើបមួយទៀត នឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១២ខាងមុខនេះ។ ពហុកីឡដ្ឋានថ្មីនេះ មានឈ្មោះថា «ពហុកីឡដ្ឋានជាតិមរតកតេជោ» ដែលនឹងសាងសង់ឡើងនៅលើដីទំហំសរុបជាង៩៤ហិចតា ក្នុងទីតាំងខាងកើតរាជធានីភ្នំពេញ(នៅតំបន់ស្ពានឧកញ៉ា លី យ៉ុងផាត់)។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាម្ចាស់គម្រោងលើការសាងសង់នេះ ដោយមានកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញ ។ ផ្ទៃដីប្រមាណ ៦០ ភាគរយនៃពហុកីឡដ្ឋាន នឹងគ្របដណ្តប់ដោយតំបន់បៃតង (ដើមឈើ ស្មៅ សួនច្បារ ជាដើម) រីឯ ៤០ ភាគរយទៀតគឺជាសំណង់ ។

ពហុកីឡដ្ខានជាតិថ្មីក្នុងទីតាំងខាងកើតរាជធានីភ្នំពេញ (នៅតំបន់ស្ពានឧកញ៉ា លី យ៉ុងផាត់)។
សំណង់ សំខាន់ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានថ្មីនេះ រួមមាន វិមានការិយាល័យនៅចំកណ្តាល អាងហែលទឹកស្តង់ដារអន្តរជាតិ អគារអត្តពលកម្ម Indoor សាលហ្វឹកហាត់កីឡាប្រយុទ្ធ និងកីឡាផ្សេងៗ សាលហ្វឹកហាត់កីឡាប្រពៃណី រួមទាំង ទីលានកីឡាបាល់ទាត់ស្តង់ដារអន្តរជាតិចំនួនពីរ (ទាំងខាងក្នុង និងខាងក្រៅ)។
មន្ត្រី NOCC បានបញ្ជាក់ឲ្យដឹងថា ការសាងសង់ និងការប្រើប្រាស់នឹងធ្វើឡើងទៅតាមដំណាក់កាល ហើយរាល់គម្រោងសាងសង់ទាំងអស់នឹងត្រូវឆ្លងកាត់ភ្នាក់ងារសំណង់ អន្តរជាតិ ។ បើតាមអ្នកជំនាញការចំណាយលើការសាងសង់ពហុកីឡដ្ឋានកម្រិតអន្តរជាតិ មិនតិចជាង ១០០ លានដុល្លារអាមេរិកនោះឡើយ៕
ដោយ ៖ រិទ្ធីប្រភព ៖ Postkhmer