កំណត់ឱ្យរថយន្ដត្រូវបត់ស្ដាំ និងហាមមិនឱ្យបត់ឆ្វេង លើកទឹកចិត្តអ្នកបម្រើលើយន្ដហោះ ឱ្យបញ្ចុះទម្ងន់ ឬបន្ថយអូលីវ ១ផ្លែក្នុងអាហារ ១ពេល គឺជាវិធីដែលជួយឱ្យបណ្ដាក្រុមហ៊ុន សំចៃប្រាក់បានរាប់លានដុល្លារ ក្នុង១ឆ្នាំៗ។១. UPS -មិនបត់រថយន្ដទៅខាងឆ្វេង ដើម្បីសំចៃប្រាក់

ក្រុមហ៊ុនដឹកជញ្ជូនល្បឿនលឿន លំដាប់ពិភពលោក UPS មានរថយន្ដដឹកជញ្ជូន ៩៦០០០គ្រឿង និងប្រើប្រាស់ប្រេងអស់យ៉ាងច្រើន ក្នុង ១ឆ្នាំៗ។ នៅពេលវិភាគរកវិធីកាត់បន្ថយការចំណាយ ពួកគេរកឃើញថា ការដែលរថយន្ដបត់ទៅខាងឆ្វេង នឹងស៊ីសាំងអស់ច្រើនជាង ការបត់ស្ដាំ។ ឆ្នាំ ២០១៤ ពួកគេក៏បានសម្រេចដាក់គោលការណ៍ថ្មី គឺ “មិនបត់ឆ្វេង” ហើយប្រការនេះ បានជួយសំចៃប្រេង ដល់ទៅ ៣៨លានលីត្រ និងកាត់បន្ថយផ្សែងពុល ស្មើនឹងរថយន្ដតូច ៥៣០០០គ្រឿង ជារៀងរាល់ឆ្នាំ។ ២. McDonalds - បន្ថយឈីស ១បន្ទះ

ឆ្នាំ ២០០៨ McDonalds បានបោះបង់ Double Cheeseburger (ឈីស ២បន្ទះ) នៅក្នុង burger ១ឈុត ប៉ុន្ដែ ពួកគេជំនួសវិញដោយ “McDouble” ។ “McDouble” ស្រដៀងគ្នា ទៅនឹង Double Cheeseburger ប៉ុន្ដែ មានឈីសតែ ១បន្ទះ ហើយ ភ្ញៀវនៅតែឃើញថា Double Cheeseburger គឺនៅដដែល។ ក្រៅពីនេះ ភ្ញៀវត្រូវបង់ប្រាក់បន្ថែម ១ដុល្លារ ធៀបនឹងតម្លៃពីមុន។ ការគិតគូរនេះ បានជួយឱ្យ McDonalds សំចៃបាន ៦សេន ក្នុងនំ១ឈុត និង ១៥០០០ដុល្លារ រាល់ឆ្នាំ ទៅឱ្យហាងនិមួយៗរបស់ខ្លួន។ ៣. American Airlines - បន្ថយផ្លែអូលីវ ១គ្រាប់ ក្នុងឈុតញាំ

ការដែល Bob Crandall (CEO របស់ American Airlines) សម្រេចកាត់បន្ថយផ្លែអូលីវ ១គ្រាប់ ក្នុងម្ហូបញាំ ១ឈុត នៅលើយន្ដហោះ គឺជាការសំចៃប្រាក់ដ៏អស្ចារ្យមួយ។ អូលីវ ១ផ្លែ វាមិនជាប៉ុន្មាន ប៉ុន្ដែ នៅពេលត្រូវបម្រើក្នុងចំនួនច្រើន រាល់ឆ្នាំ វាបានជួយឱ្យក្រុមហ៊ុននេះ ចំណេញបាន ៥០០,០០០ ដុល្លារ។ ៤. Ryanair - លើកទឹកចិត្តអ្នកបម្រើលើយន្ដ ឱ្យបញ្ចុះទម្ងន់

ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប Ryanair បានល្បីឈ្មោះខ្លាំង ដោយសារក្បាច់សំចៃប្រាក់ដ៏ពិសេស។ ដើម្បីបន្ថយទម្ងន់ដល់យន្ដហោះ ពួកគេបានប្រើគ្រប់វិធី តាំងពីកាត់បន្ថយបរិមាណដុំទឹកកក រហូតដល់ទំហំទស្សនាវដ្ដី (ពី A3 ចុះមក A4) ។ ក៏ប៉ុន្ដែ អ្វីដែលល្បីបំផុត គឺការស្នើនារីអ្នកបម្រើលើយន្ដហោះ ឱ្យសម្រកទម្ងន់ ដោយមានផ្ដល់រង្វាន់ធំប្រចាំឆ្នាំ គឺ បានឡើងទំព័រក្របមុខនៃប្រតិទិនរបស់ក្រុមហ៊ុន។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Oddee