ព័ត៌មានក្នុងស្រុក ៖ ក្រោយពីមានកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ១៥ កាលពីវេលាព្រឹកមិញនេះរួចមក ប្រទេសជប៉ុន បានបង្ហាញជំហររួមគ្នា បង្កើតសហគមន៍អាស៊ាននៅឆ្នាំ ២០១៥
គួរបញ្ជាក់ផងដែរថា ប្រមុខរដ្ឋាភិបាលជប៉ុន សន្យានឹងប្តេជ្ញាជំរុញការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ដោយធ្វើសហគមន៍មួយនេះ ទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ និងពិភពលោក។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៥ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីជប៉ុន លោក យូស៊ីហ៊ីកូណូដា បានស្វាគមន៍ចំពោះប្រមុខរដ្ឋាភិបាលអាស៊ានទាំងអស់ ហើយបានបញ្ជាក់ថារដ្ឋាភិបាលជប៉ុននឹងខិតខំធ្វើយ៉ាងណា ចូលរួមអោយបានខ្លាំងក្លា ក្នុងការធ្វើសមាហរណកម្មអាស៊ាន ទទួលបានជោគជ័យ ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ប្រជាជាតិនៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងសកលលោកទាំងមូល។
នាយករដ្ឋមន្ត្រីជប៉ុន លោក យូស៊ីហ៊ីកូណូដា
ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានជប៉ុននៅពេលនេះ ដើម្បីរួមគ្នាពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងជប៉ុន និងអាស៊ានកន្លងមក ។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា កិច្ចប្រជុំនេះ នឹងកំណត់ទិសដៅ សម្រាប់ពង្រឹងចំណុចអាទិភាពជាច្រើននូវទំនាក់ទំនង នាពេលអនាគត ខណៈបណ្តាប្រជាជាតិ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការសម្រេចឲ្យបានសមាហរណកម្មអាស៊ាននៅឆ្នាំ២០១៥ខាងមុខ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា រដ្ឋាភិបាលជប៉ុននឹងបន្តការគំាទ្រដល់ដំណើរការនៃការកសាងសហគមន៍អាស៊ាន ឲ្យបានជោគជ័យតាមការគ្រោងទុក៕
ដោយ ៖ រិទ្ធី